(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ថ្លែងប្រាប់ក្រុម អ្នកសារព័ត៌មានថា ការបើកបរហួសល្បឿនកំណត់ នៅតែជាបញ្ហាទី១ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ហើយឆ្នាំ២០១៦កន្លងទៅនេះ កើតមានរហូតដល់ជិត៥០ភាគរយ។
ថ្លែងបែបនេះ របស់លោកឧត្តមសេនីយ៍ឯក ត្រូវបានធ្វើឡើង នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុប ការងារគ្រោះថ្នាក់ចរាចរណ៍ រយៈពេល៣សប្ដាហ៍ ក្នុងខែមករា ឆ្នាំ២០១៧ និងប្រជុំណែនាំ ទៅដល់ក្រុមហ៊ុនដឹកគ្រប់ប្រភេទ។
លោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា បានបញ្ជាក់យ៉ាងដូច្នេះថា «បញ្ហាល្បឿននៅតែជាបញ្ហាទី១ដដែល ក្នុងឆ្នាំ២០១៦នេះ បញ្ហាល្បឿន រហូតដល់៤៤ទៅ៤៦ភាគរយ ចំណុចនេះហើយដែលឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ តែងតែជំរុញដល់ស្នងការនគរបាល រាជធានី-ខេត្ត ធ្វើយ៉ាងណា ធ្វើការត្រួតពិនិត្យល្បឿន គ្រឿងស្រវឹង និងបញ្ហាសារធាតុញៀន»។
ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា រយៈពេល២៥ថ្ងៃនេះសមត្ថកិច្ច រកឃើញមនុស្ស២២នាក់ ដែលបើកបរដោយប្រើប្រាស់សារធាតុញៀន ហើយក្នុងនោះជាមធ្យមក្នុងមួយថ្ងៃ នគរបាលរកឃើញអ្នកបើកបរ ស្ថិតក្នុងស្ថានភាពស្រវឹង៥០នាក់។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ ជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញ ស្ថានីយ៍ប្រេងឥន្ទនៈទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយ ឲ្យបានទូលាយ ដល់អ្នកបើកបរដែលត្រូវធ្វើយ៉ាងណា ឲ្យគោរពច្បាប់ចរាចរណ៍ ហើយពាក់ព័ន្ធនឹងចំណុចនេះ រូបលោកផ្ទាល់ក៏បានរៀបចំ សាវតាជាតិ ដើម្បីផ្ដល់ជូនដល់ក្រុមហ៊ុនទាំងអស់ឲ្យស្រង់នូវសាវតាជាតិរបស់អ្នកបើកបរ របស់គាត់ដើម្បីផ្ដល់ឲ្យសមត្ថកិច្ច ងាយស្រួល ក្នុងការគ្រប់គ្រង់ ជាពិសេសនៅពេលអ្នកបើកបរ បង្កគ្រោះថ្នាក់នៅចំណុចណា សមត្ថកិច្ចជំនាញងាយស្រួលក្នុងការស្រាវជ្រាវ។
យ៉ាងណាមិញ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានឆ្លើយតបទៅនឹងការលើកឡើង នៅតាមបណ្ដាញសង្គម Facebook ថា មន្ដ្រីនគរបាលចរាចរណ៍ ចុះចាប់ល្បឿនដោយការពួននៅក្រោមដើមឈរ ឬស្លៀកឯកសណ្ឋានស៊ីវិល គឺជាការមិនត្រឹមត្រូវប៉ុន្ដែលោក បានបំភ្លឺថា ករណីនេះមន្ដ្រីនគរបាលចរាចរណ៍ មិនបានប្រព្រឹត្តខុសពីច្បាប់ឡើយ ព្រោះថាប្រតិបត្តិការចាប់ល្បឿននេះ គឺត្រូវការចល័ត ដូចនេះ ដាច់ខាតសមត្ថកិច្ចត្រូវតែធ្វើបែបនេះ៕