(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា វិស័យកីឡាមិនត្រឹមតែជារឿងឈ្នះចាញ់ នោះឡើយ តែកីឡា គឺជាអន្តរវិស័យ ហើយបានដើរតួនាទីសំខាន់ក្នុងការអប់រំយុវជនឲ្យទទួលបានគុណភាពជីវិត។
ក្នុងពិធីទទួលពានរង្វាន់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC President’s Trophy) នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ «កីឡាគឺជាអន្តរវិស័យ ដែលពាក់ព័ន្ធគ្រប់វិស័យ។ កីឡាមិនមែនគ្រាន់តែជារឿងឈ្នះចាញ់ប៉ុណ្ណោះទេ ប៉ុន្តែកីឡា ក៏ពាក់ព័ន្ធដល់សន្តិសុខសុវត្ថិភាពសង្គម ដែលគេហៅថា កីឡានាំមកនូវសុខដុមរមនាសង្គម ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចទៀតផង»។
សម្តេចនាយករដ្ឋមន្រ្តី បន្តថា «ការអភិវឌ្ឍវិស័យកីឡា និងនាំដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធាន មនុស្សប្រកប ដោយសមត្ថភាព និងការរួមចំណែកថែរក្សា ការពាររិស្ថានសង្គមតាមរយៈកីឡាស្អាតស្អំ កីឡាប៉ៃតង ពិសេសកីឡាដើរតួនាទីយ៉ាងសំ ខាន់ក្នុងការអប់រំ ដែលរួមមានទាំងការអប់រំកាយ អប់រំបញ្ញា អប់រំស្មារតី បណ្តុះឆន្ទៈ ព្យាយាមតស៊ូ ដើម្បីឲ្យយុវជនទទួលបាននូវគុណភាពជីវិត»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ទៀតថា សម្តេចមិនត្រឹមតែជាអ្នកលេងកីឡានោះទេ តែសម្តេចក៏តែងតែ បំផុសឲ្យប្រជាពលរដ្ឋខ្មែរលេងកីឡាផងដែរ ដើម្បីនាំមកនូវសុខភាព។ សម្តេចនាយករដ្ឋមន្រ្តីថា តាមរយៈការលេងកីឡានេះ ក៏អាចធ្វើឲ្យយុវជនចៀស ផុតពីអំពើអបាយមុខនានា ជាពិសេសចៀសផុតពីគ្រឿងញឿន៕