(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ ក្នុងពិធីប្រគល់ពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ» (IOC President’s Trophy) នារសៀលថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧ នៅវិមានសន្តិភាពថា សម្តេចបានសម្រេចយកប្រព័ន្ធលេង ៣-៥-២ ក្នុងវិញ្ញាសាបាល់ទាត់ សម្រាប់ក្រុមបាល់ទាត់ត្រកូល «ហ៊ុន» នៅក្នុងឱកាសប្រកួតកីឡាអាស៊ាន SEA Games លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
ការប្រសាសន៍បែបនេះរបស់សម្តេច ស្របពេលដែលសម្តេចមានចៅ ១៨នាក់នាពេលបច្ចុប្បន្ន ហើយសម្តេចសង្ឃឹមថា នឹងមានចៅមិនតិចជាង ២០នាក់នោះទេ ទម្រាំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ មកដល់នោះ។
សម្តេចបានមានប្រសាសន៍ថា «ប្រព័ន្ធលេង ៣-៥-២ គឺមានទាំងខ្សែការពារ បម្រើការពារ បម្រើប្រយុទ្ធ និងខ្សែប្រយុទ្ធ គឺថា ៥នាក់នៅកណ្តាល អាចឡើងក៏បាន និងចុះការពារក៏បាន តែយកកីឡាករណាដែលមានល្បឿនលឿន ហើយចៅៗទាំងនោះនឹងលេងឲ្យបាន ២ប្រភេទកីឡាយ៉ាងតិច គឺបាល់ទាត់ និងបាល់ទះ»។
សូមបញ្ជាក់ផងដែរថា វិញ្ញាសាកីឡាបាល់ទាត់ គឹជាប្រភេទកីឡាមួយដែលមានការនិយមគាំទ្រ និងមានប្រជាប្រិយភាពបំផុតតាំងពីសម័យបុរាណកាលរហូត ដល់បច្ចុប្បន្នទាំងក្នុងព្រឹត្តិការណ៍កីឡា SEA Games, Olympic Games និង World Cup ជាដើម។
សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពាន «IOC President’s Trophy» លើកទី១ ជាប្រវត្តិសាស្រ្តនេះបានគូសបញ្ជាក់ថា «ក្រោយថ្ងៃទី៧ មករា ប្រជាពលរដ្ឋ និងកីឡាករបានយកស្រកីដូង ឬចងកៅស៊ូជាដុំ ដើម្បីឲ្យបានរាងមូល ធ្វើជាបាល់សម្រាប់ប្រកួត ក្នុងការហាត់ប្រាណ»៕