(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មការព្រំដែនប្រទេសទាំងពីរ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ ភាគីកម្ពុជា-ឡាវ បានឯកភាពគ្នាចំនួន៣ចំណុច ដើម្បីបន្តដោះស្រាយបញ្ហាព្រំដែនដែលនៅសេសល់។
តាមសេចក្តីប្រកាសលទ្ធផលអំពីកិច្ចប្រជុំនេះ បានឱ្យដឹងថា ចំណុចទាំង៣ ដែលភាគីទាំងពីរបានឯកភាពគ្នានោះរួមមាន៖ ទី១. ប្រធានគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពិរឯកភាពគ្នា នឹងចុះត្រួតពិនិត្យលើដីជាក់ស្តែងនៅ០២តំបន់៖ បង្គោលលេខ០០២-០០៣ បង្គោលភ្លោះលេខ០២៩ និងលេខ០៣០ នៅពេលដ៏ខ្លីខាងមុខ, ទី២. ភាគីទាំងពីរឯកភាពគ្នានឹងបង្កើតក្រុមការងារមួយ ដើម្បីសិក្សាលទ្ធភាព ស្តីពីការបោះបង្គោលព្រំដែនបំពេញបន្ថែមរួមគ្នា និងទី៣ ភាគីទាំងពីរនឹងបន្តការពិភាក្សានៅតំបន់ដែលភាគីទាំងពីរមិនទាន់ឯកភាពគ្នា។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ គណៈកម្មការចម្រុះព្រំដែនកម្ពុជា និងឡាវ បានបើកកិច្ចប្រជុំវិសាមញ្ញមួយដើម្បី ពិភាក្សាលើកិច្ចការ ព្រំដែនរវាងប្រទេសទាំងពីរ។ ក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជាតំណាងដោយ លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន ឯភាគីឡាវតំណាងដោយ លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យឡាវ។
កន្លងមក លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មការធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានឱ្យដឹងថា កម្ពុជា-ឡាវ មានព្រំដែនជាប់គ្នាប្រវែង «៥៤០គីឡូម៉ែត្រ» ដែលត្រូវបោះបង្គោលព្រំដែនប្រមាណ ១៤៥បង្គោល។ រហូតដល់ពេលនេះ ភាគីទាំងពីរបានបោះបង្គោលព្រំដែនសម្រេចចំនួន ១២១បង្គោលហើយ ស្មើនឹង៨៣ភាគរយ នៅសល់ប្រមាណ ២៤បង្គោលទៀតប៉ុណ្ណោះ៕
ខាងក្រោមនេះជាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការព្រំដែនរវាងកម្ពុជា-ឡាវ៖