(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចរក្សាទុកឈ្មោះទាំង ៣២៦នាក់ ក្នុងបញ្ជី បោះឆ្នោតដំបូងឲ្យនៅដដែល ក្នុងសវនការសង្ខេបដោះស្រាយនៅថ្ងៃទី២១ ខែមករា លើពាក្យបណ្តឹង/សំណុំរឿងចំនួន៣០។ ក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប បានបើកផ្លូវឲ្យគ្រប់ភាគី ដែលមិនពេញចិត្តនឹង សេចក្តីសម្រេចនេះ ប្តឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួល សម្រង់សេចក្តីសម្រេច ក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប។ នេះបើតាមសេចក្តីប្រកាសរបស់គ.ជ.ប នៅថ្ងៃទី២៥ ខែមករានេះ។
ការប្រកាសសម្រេចរបស់ ក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប បានធ្វើឡើងក្រោយពី គ.ជ.ប បើកសវនាការសាធារណៈ លើពាក្យបណ្តឹងចំនួន៣០ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ដែលប្រជាពលរដ្ឋប្តឹង ឱ្យលុបឈ្មោះពលរដ្ឋ៣២៦នាក់ ក្នុងនោះរួមមានបណ្តឹងលេខ១៣៩ រហូតដល់បណ្តឹង១៦៨ នៅសាលសន្និសីទគ.ជ.ប។
ពាក្យបណ្តឹងទាំង៣០បណ្តឹង គឺសុទ្ធតែជាបណ្តឹងជំទាស់ សុំលុបឈ្មោះប្រជាពលរដ្ឋចំនួន៣២៦នាក់ ចេញពីបញ្ជីបោះឆ្នោតដំបូង។ បណ្តឹងទាំងនោះ រួមមានបណ្តឹងមកពីរាជធានី ១២បណ្តឹង ខេត្តព្រៃវែង០៣បណ្តឹង ខេត្តកំពង់ធំ០២បណ្តឹង ខេត្តកំពង់ស្ពឺ០៥បណ្តឹង និងខេត្តពោធិ៍សាត់០៦បណ្តឹង ខេត្តបាត់ដំបង១បណ្តឹង និងខេត្តបន្ទាយមានជ័យ ០១បណ្តឹង ត្រូវបានគ.ជ.បចារបដិសេធបណ្តឹង។
កន្លងមក លោក ហង្ស ពុទ្ធា បានប្រាប់អ្នកសារព័ត៌មានថា ក្នុងករណីដែលគ.ជ.ប ដោះស្រាយ បណ្តឹង មិនសះជារហូតដល់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ទេនោះបណ្តឹង ដែលនៅសេសសល់នឹងបន្តរហូតដល់ក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកដោះស្រាយបន្ត ទៀត។ក្រុមប្រឹក្សាធម្មនុញ្ញ មានរយៈពេល ១០ថ្ងៃ ក្នុងការដោះស្រាយបន្តទៀត។
គិតមកដល់ពេលនេះ គ.ជ.ប បានដោះស្រាយពាក្យបណ្តឹង បានចំនួន១២២បណ្តឹងហើយ ក្នុងចំណោម បណ្តឹង សរុប១៤៨បណ្តឹង ដែលបានប្តឹងតវ៉ាមកកាន់គ.ជ.ប៕