(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ» ដែលផ្ដល់ជូនដោយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅវិមានសន្តិភាព។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច និងក្រុមគ្រួសារពិតជារីករាយក្នុងការទទួលបានពានរង្វាន់ប្រធានគណៈកម្មាធិការអូរឡាំពិកអន្តរជាតិ។ សម្តេចតេជោថា ពាននេះនឹងក្លាយទៅការចូលរួមចំណែកដ៏សំខាន់មួយក្នុងការជួយជំរុញវិស័យកីឡានៅកម្ពុជា ឲ្យកាន់តែរីកចម្រើន។ ពានរង្វាន់ប្រធានគណៈកម្មាធិការអូរឡាំពិកអន្តរជាតិ គឺជាមោទនភាពថ្មីមួយទៀតរបស់សម្តេច និងក្រុមគ្រួសារ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កីឡាករ កីឡាការិនី ប្រជាពលរដ្ឋ និងជាតិកម្ពុជាទាំងមូល។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វិស័យកីឡារបស់កម្ពុជាធ្លាប់មានកេត្យានុភាពល្បាញល្បី តែត្រូវបានបាត់បង់លិចលង់ទៅវិញ បន្ទាប់ពីកម្ពុជាធ្លាក់ ចូលទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត។ ក្នុងនោះកីឡាករ កីឡាការិនីឆ្នើមៗរបស់កម្ពុជាជាច្រើន ត្រូវបានរបបប៉ុលពត កាប់សម្លាប់ផងដែរ។
* សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចកំណត់យកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ ដាក់សម្ពោធឲ្យប្រើប្រាស់ពហុកីឡាដ្ឋាន បើកការដ្ឋានសម្ពោធផង និងជាកន្លែងជួបជុំជាមួយកីឡាករ កីឡាការិនីផងដែរ។
* សម្តេចតេជោបានបន្តថ្លែងថា សម្រាប់កីឡាសម្តេចមិនត្រឹមតែលេងខ្លួនឯងនោះទេ សម្តេចក៏តែងបំផុសឲ្យយុវជនខ្មែរ និងចៅៗរបស់សម្តេចលេងកីឡាផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា សម្តេចចង់បង្កើនក្រុមបាល់ទាត់ត្រកូលហ៊ុន ហើយក៏ស្រម៉ៃចង់ឃើញចៅរបស់សម្តេចណាម្នាក់ អាចចូលប្រកួតកីឡាស៊ីហ្គែម នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
* សម្តេចតេជោ ហ៊ុន សែន បានសម្រេចកំណត់យកថ្ងៃទី៤ ខែមេសា ជាថ្ងៃដាក់សម្ពោធឲ្យប្រើប្រាស់ពហុកីឡាដ្ឋាន បើកការដ្ឋានសម្ពោធផង និងជាកន្លែងជួបជុំជាមួយកីឡាករ កីឡាការិនីផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទម្រង់បាល់ទាត់របស់សម្តេចគឺ៣-៥-២ ហើយសម្តេចក៏បានបង្ហាញសមាសភាពចៅៗរបស់សម្តេចមួយចំនួន ក្នុងតួនាទីជាខ្សែប្រយុទ្ធ និងខ្សែការពារផងដែរ។ សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ចៅរបស់សម្តេចត្រូវចេះកីឡាយ៉ាងតិចពីរ គឺកីឡាបាល់ទាត់ និងបាល់ទះ ហើយខ្លះទៀតក៏ចេះលេងកូនហ្គោលផងដែរ។ សម្តេចបន្តថា ចៅៗរបស់សម្តេចត្រូវតែដើរតាមគន្លងរបស់សម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពជោគជ័យ នៃវិស័យកីឡា និងការរៀបចំកីឡាអូឡាំពិកនៅកម្ពុជា ត្រូវមានការចូលរួមពីជនរួមជាតិ គណៈកម្មាធិការអូឡាំពិកកម្ពុជា និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៤៖២៨នាទីនេះ៕