(ភ្នំពេញ)​៖​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៧នេះ ​បាន​លើក​យក​សំណុំរឿង​មួយ​ ដែល​មាន​ជនជាប់ចោទ​ចំនួន​៧នាក់​ ពាក់​ព័ន្ធ​និង​ករណី​វាយ​វាយសម្លាប់សិស្សស្រី វិទ្យាល័យពងទឹក​ មក​ជំនុំជម្រះ​លើ​អង្គ​សេចក្ដី​។​ សវនាការ​នេះ​មាន ​លោក​ តុប​ ឈុន​ហេង​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ និង​មាន​លោក​ស្រី​ កែវ​ សុគន្ធា​ ជា​តំណាង​អយ្យការ​។ ប៉ុន្តែសវនាការនេះមិនទាន់បានបញ្ចប់ទាំងស្រុងនោះទេ​ ហើយតុលាការនឹងបន្តនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ទៀត។

មន្រ្តីតុលាការបានឲ្យដឹងថា ជនជាប់ចោទ​ក្នុង​សំណុំ​រឿង​នេះ​រួមមាន៖ ​ឈ្មោះ ​ជុំ វិរៈ អាយុ២២ឆ្នាំ ជាជនដៃដល់ និងត្រូវជាបងជីដូនមួយជនរងគ្រោះ។ ទី២ឈ្មោះ សុខ សុភាព អាយុ១៧ឆ្នាំ ទី៣ឈ្មោះ លឹម បញ្ញាវន្ត អាយុ២០ឆ្នាំ ទី៤ឈ្មោះ ហុង សុជោតា អាយុ២១ឆ្នាំ ទី៥ឈ្មោះ សុខ សុភា អាយុ២២ឆ្នាំ ។ ទាំង​៥នាក់​ខាងលើ ​ត្រូវ​បាន​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពីបទ មនុស្សឃាតគិតទុកជាមុន និងបទ​លួចមាន​ស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះបាក់បែក ភូមិព្រៃល្វា សង្កាត់ព្រៃវែង ខណ្ឌ​សង្កោ យោងតាមមាត្រា២០០ និងមាត្រា ៣៦០​នៃ​​ក្រមព្រហ្មទណ្ឌ។ រីឯ​ទី៦ ឈ្មោះ ឡេង ដានី អាយុ១៧  ទី៧ឈ្មោះ គ្រឿ ចន្ធូ អាយុ១៨ឆ្នាំ ទាំង​ពីរ​នាក់​នេះ​ ជាប់ចោទពីបទ ទទួលផល​ចោរកម្ម ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ យោងតាមមាត្រា ៣៩៩ និងមាត្រា ៤០០នៃក្រមព្រហ្មទណ្ឌ។

ចំណែកនារីរងគ្រោះមានឈ្មោះវ៉ុន រដ្ឋា ​អាយុ១៩ឆ្នាំ ជាកូនទោលក្នុងគ្រួសារ និងជា​សិស្សថ្នាក់ទី១២D នៃវិទ្យាល័យពងទឹក​ មានឪពុកឈ្មោះ វ៉ាត វ៉ុត និង ម្ដាយឈ្មោះ វិត សង់ មានទីលំនៅភូមិព្រៃកី សង្កាត់ពងទឹកខណ្ឌដង្កោ។

នាពេល​សវនាការ​ ជនជាប់ចោទ​ឈ្មោះ​ជុំ​ វីរៈ​ ដែល​ជា​ជន​ដៃ​ដល់​ និង​ជា​បង​ប្អូន​ជីដូន​មួយ​របស់​ជនរងគ្រោះបាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិត​ជា​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ប្រាកដ​មែន​ ដោយ​បាន​ខលហៅជនរងគ្រោះទៅផឹកស៊ីជាមួយជនជាប់ចោទឈ្មោះ វ័ន្ត និងសុជោតា រួចក៏បើក​ម៉ូតូដឹកជនរងគ្រោះទៅវាយសម្លាប់ដោយប្រើដុំឥដ្ឋ និងក្រោយមកក៏យកម៉ូតូជនរងគ្រោះជិះចេញទៅលក់ឲ្យឈ្មោះ ដានី និងចន្ធូ យកលុយចែកគ្នាចាយ​។​ ចំណែក​ឯ​ ជនជាប់ចោទ​៦នាក់​ផ្សេងទៀត​ ពុំ​ទាន់​ត្រូវ​បាន​សាកសួរ​នៅឡើយ​​ទេ​ ​ដោយ​សារ​ពេល​វេលា​ខ្លី​  ទើប​លោក​ចៅក្រម​តុប​ ​ឈុន​ហេង​ សម្រេច​លើក​ពេល​ទៅបន្ត​សវនាការ​នៅព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៧ខាងមុខវិញ​។

គួរបញ្ជាក់ថា​ នារីរងគ្រោះ​ឈ្មោះ​វ៉ុន​ រដ្ឋា​ ត្រូវបាន​បងជីដូនមួយ នាំបក្ខពួក អូសទាញយកទៅសម្លាប់ចោលយ៉ាងសាហាវឃោឃៅ ស្ថិតនៅទីសំណង់បាក់បែកមួយក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅ​វេលា​ម៉ោង​៤​៖​៣០​នាទី​ ​ថ្ងៃ​ទី១០ ខែឧសភា​
ឆ្នាំ​២០១៦។ ក្រោយ​ពី​ធ្វើ​សកម្មភាព​ជនដៃដល់ និងបក្ខពួក​៦នាក់ទៀត​ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំង​នគរបាលខណ្ឌដង្កោ តាមស្រាវជ្រាវរហូត​ចាប់ខ្លួន​ជាបន្តបន្ទាប់៕