(ព្រះសីហនុ)៖ ចឹងបានជាគ្រោះថ្នាក់ណាស់នៅតាមដងផ្លូវ! អ្នកបើករថយន្តដឹកទំនិញប្រភេទកុងតឺន័ររបស់ក្រុមហ៊ុន KAT បាននាំគ្នាទៅផឹកស្រាមុ នពេលដែលពួកគេ ចូលទៅបើករថយន្ត ដែលទាំងនេះហើយ បានបង្កជាគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ ដោយសារតែអ្នកបើករថយន្តជាមនុស្សញៀនស្រា និងញៀនថ្នាំ។
ចំពោះបទល្មើសមួយនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍ដេញស្ទាក់នៅ តាមគោលដៅ ដើម្បីបញ្ឈប់ការបើកបររបស់ពួកគេទៅមុខទៀត ដោយតម្រូវឲ្យខាងម្ចាស់ក្រុមហ៊ុនបញ្ជូនអ្នកបើកបរថ្មីមកជំនួសវិញ តែបើខាងភាគីក្រុមហ៊ុន មិនឲ្យអ្នកបើកថ្មីដែលគ្មានជាតិសូរាទេ នោះនឹងមិនឲ្យរថយន្តវិលកង់នោះឡើយ។
លោកឧត្តមសេនីយ៍សុ្នងការ បានបញ្ជាក់យ៉ាងដូច្នេះថា នៅវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃនេះ ជាថ្ងៃទី២ នៅគោលដៅលើផ្លូវជាតិលេខ៤ ចំណុច ជញ្ជីងអូរចំណារ ក្រុមចល័តយើង បានត្រួតពិនិត្យឃើញអ្នកបើកបររថយន្តដឹកទំនិញរបស់ក្រុមហ៊ុន KAT ឈប់ផឹកនៅគ្រឿងស្រវឹងមុនពេលបើកបរយើងបានធ្វើការវាស់ជាតិអាកុល ដោយផឹកលើសកំណត់ ដូច្នេះសមត្ថកិច្ចយើងបានទំនាក់ទំនងទៅម្ចាស់ក្រុមហ៊ុនឲ្យរកអ្នកបើកបរ មកបើករថយន្តជំនួស បើមិនមានរកមនុស្សមកបើកជំនួសទេ សមត្ថកិច្ចយើងមិនអនុញ្ញាត ឲ្យរថយន្តនោះធ្វើសកម្មភាពលើផ្លូវបាននោះទេ។
លោកស្នងការបានបញ្ជាក់ទៀតថា «ខ្ញុំបាទបញ្ជាឲ្យសមត្ថកិច្ចឆ្មក់ត្រួតពីដើមទីពួកអ្នកបើកបរទាំងនោះ មិនអាចផឹកបានក៏បបួលគ្នា មកផឹកនៅកណ្ដាលទីវិញ ទើបខ្ញុំបាទបញ្ជាជាដាច់ខាត ត្រូវតែដេញតាមឲទាន់ ពួកខូចទាំងនេះ តែងតែបើកបរបង្កឲ្យគ្រោះថ្នាក់តាមដងផ្លូវ និងវ៉ាជែងមិនក្រែរអែងទាំងអស់ រាល់បុកប៉ះម្ដងៗ អ្នកបើកបររត់គេចខ្លួនរហូត ទើបក្នុងនាមខ្ញុំបាទ ជាស្នងការដាក់វិធានការឲ្យចល័តតាមដងផ្លូវ គឺពិតជាមានការឈប់រថយន្ត ហើយនាំគ្នាផឹកស្រវឹងគ្រប់ៗគ្នាបែបនេះ»។
ជាលទ្ធផលត្រូវបានលោកស្នងការថា អ្នកបើកបរថយន្តមានចំនួន៦នាក់ ត្រូវបានឃាត់ខ្លួន និងឲ្យធ្វើតេស្តជាតិអាកុល រួចហើយបានប្រគល់ជូនក្រុមហ៊ុនវិញ បន្ទាប់ពីធ្វើការកិច្ចសន្យារួច។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ក៏បានអំពាវនាវដល់បណ្តាក្រុមហ៊ុនទាំងឡាយ ត្រូវរឹតបន្តឹងចំពោះអ្នកបើករថយន្តទាំងអស់ មិនត្រូវសេពគ្រឿងស្រវឹង និងថ្នាំញៀននោះទេ ដែលនាំឲ្យកើតមានគ្រោះថា្នក់ចរាចរណ៍យ៉ាងខ្លាំង។
សម្រាប់ខេត្តព្រះសីហនុ លោកស្នងការអះអាងថា នឹងបន្តយុទ្ធនាការនេះ លុះត្រាតែអ្នកបើកបររថយន្តទាំងអស់លែងផឹកស្រា មុនពេលបើកបរ ហើយនឹងចាត់វិធានការយ៉ាងតឹងរឹងដោយគ្មានការយោគយល់នោះទេ៕