(ព្រះសីហនុ)៖ ពិតជាគ្រោះថ្នាក់ណាស់! រថយន្តកុងតឺន័រមួយគ្រឿងរបស់ក្រុមហ៊ុន «SKLH» បានបែកកង់ក្រឡាប់កណ្តាលផ្លូវ ពេលកំពុងដឹកទំនិញចេញ ខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ តែសំណាងណាស់ហេតុការណ៍នេះ មិនបណ្តាលឲ្យអ្នកដំណើរតាមដងផ្លូវមានគ្រោះថ្នាក់នោះទេ។
គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយខ្លួនឯងនេះ បានកើតឡើងនៅម៉ោង១២៖៣០នាទីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះKMលេខ ១៣៥-១៣៦ ក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា «គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយខ្លួនឯង គឺរថយន្តម៉ាក VOLVO ក្បាលពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-7051 សណ្តោងរីម៉កពាក់ស្លាកលេខ ភ្នំពេញ 4A-1803 ផ្ទុកចំណុះធុង៤០ហី្វត មានទិសដៅពីខេត្តព្រះសីហនុ ទៅភំ្នពេញ បើកបរដោយឈ្មោះ យី ហាក់ ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បើកបរឲ្យក្រុមហ៊ុន SKLH (រងរបួសស្រាល) លុះដល់ចំណុចកើតហេតុខាងលើ រថយន្តផ្ទុះកង់មុខផែ្នកខាងស្តាំបណ្តាលឲ្យក្រឡាប់លើផ្លូវជាតិតែម្តង»។
ចំពោះមុខកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ នៅការពារកនែ្លងកើតហេតុ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានជួយសំរួលសណ្តាប់ធ្នាប់ចរាចរណ៍ និងបញ្ជៀសរថយន្តមិនឲ្យមានការកកស្ទះចរាចរណ៍ឡើយ។ ចំណែករថយន្តខាងលើរង់ចាំក្រុហ៊ុនយកឡានមកស្ទួចយកទៅជួសជុល៕