(ភ្នំពេញ)៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់ រងអាយុជីវិតឈានមុខគេមួយនៅកម្ពុជា បានរៀបចំមហាសន្និបាត ប្រចាំឆ្នាំរបស់ទីប្រឹក្សាធានារ៉ាប់ រងអាយុជីវិត «Annual LIC Mega Conference» នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ កាលពីពេលថ្មីៗនេះ ដើម្បីអបអរសាទរ ចំពោះជោគជ័យដ៏ត្រចះត្រចង់ របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នាឆ្នាំកន្លងមក ក៏ដូចជាដាក់ចុះនូវយុទ្ធសាស្រ្ត និងទិសដៅសម្រាប់ឆ្នាំ ២០១៧ ផងដែរ។
មហាសន្និបាតប្រចាំឆ្នាំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏ដូចជាទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត សរុបប្រមាណ ៦០០នាក់ ហើយក្នុងនោះថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់បានចែករំលែកនូវយុទ្ធសាស្រ្ត បទពិសោធន៍ និងចំណេះបន្ថែមទៀត អំពីសេវាធានារ៉ាប់រងអាយុជីវិត ក៏ដូចជាបានប្រាស្រ័យ ទាក់ទងគ្នា ក្រោមបរិយាកាសដ៏សប្បាយរីករាយ ។
លោក ឈឿង គីរីរ័ត្ន ប្រធានគ្រប់គ្រងជាន់ខ្ពស់ ផ្នែកទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត នៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា «កម្មវិធីនេះ ជាកម្មវិធីមហាសន្និបាត ប្រចាំឆ្នាំ២០១៧ ដែលយើងធ្វើឡើង ក្នុងអត្ថន័យបញ្ជាក់អំពីការយកចិត្តទុកដាក់ របស់ក្រុមហ៊ុន ទៅលើក្រុមទីប្រឹក្សាធានារ៉ាប់រង អាយុជីវិតរបស់យើងខ្ញុំ ដែលពួកគាត់ខិតខំប្រឹងប្រែង ពន្យល់ ធ្វើយ៉ាងណាឲ្យអតិថិជនរបស់យើង យល់អំពីផលិតផលធានារ៉ាប់រង អាយុជីវិតនេះ !»។
លោកបានបន្ថែមទៀតថា «នៅបច្ចុប្បន្ននេះ ការយល់ដឹងអំពីផលិតផល ធានារ៉ាប់រងអាយុជីវិត គឺនៅមានកម្រិតនៅឡើយ ដូច្នេះហើយ ទើបយើងត្រូវការមានទីប្រឹក្សា ធានារ៉ាប់រងឲ្យច្រើន ដើម្បីឲ្យគាត់ជួយផ្សព្វផ្សាយ ទៅដល់សាធារណជនបានកាន់តែច្រើន ។ ក្រុមហ៊ុនរបស់យើងខ្ញុំមានពេលថ្ងៃនេះ មានអតិថិជនច្រើនដូច្នេះ ក៏ដោយសារស្នាដៃរបស់ពួកគាត់ដែរ!»។
លោកស្រី ឃុយ សូហ្វី ជានាយកផ្នែកទីប្រឹក្សា ធានារ៉ាប់រងអាយុជីវិតម្នាក់ បានបង្ហាញក្តីរីករាយ និងមានប្រសាសន៍ថា «នាងខ្ញុំមានអារម្មណ៍រំភើបមែនទែនតែម្តង ពីព្រោះក្នុងរយៈពេលបីឆ្នាំ ដែលនាងខ្ញុំបានចូលរួមជាមួយក្រុមហ៊ុន ព្រូដិនសល ឆ្នាំនេះហើយដែលជាកម្មវិធីដ៏អស្ចារ្យ មែនទែន ។ ក្រុមហ៊ុនគាត់ ដឹងពីទុក្ខធុរៈរបស់ក្រុមគ្រួសារ យើងទាំងអស់ ។ គាត់ដឹងថា ពួកយើងធ្វើការហត់នឿយ ដូច្នេះគាត់មានរៀបចំកម្មវិធី សម្រាប់លើកទឹកចិត្តពួកយើងដែរ!»។
ចំណែក លោក រស់ ភារី ជានាយកផ្នែកទីប្រឹក្សាធានារ៉ាប់រង អាយុជីវិតម្នាក់ទៀត ដែលបានចូលរួមក្នុងកម្មវិធី «Annual LIC Mega Conference» ដែរនោះ បាននិយាយថា «សារៈសំខាន់នៃកម្មវិធីនេះ គឺទី១ ទីប្រឹក្សាយើងទាំងអស់ ដែលបានចូលរួមបានស្គាល់គ្នា។ ក្នុងនាមជាអ្នកធ្វើការជាមួយគ្នា យើងត្រូវស្គាល់គ្នាទៅវិញទៅមក និងរក្សាទំនាក់ទំនងល្អ ទីពីរ ក្រុមហ៊ុនបានបង្ហាញពីឱកាសផ្សេងៗ ក៏ដូចជាការលើកទឹកចិត្តពីក្រុមហ៊ុនផងដែរ ដូចជា ការប្រកួតប្រជែងដើម្បីឈ្នះដំណើរកំសាន្តទៅបរទេស ឬក្នុងស្រុកជាដើម។ លើសពីនោះទៅទៀត យើងមានកម្មវិធីសប្បាយៗទាំងអស់គ្នា ដោយមានការញ៉ាំអាហារពេលល្ងាច និងរាំច្រៀងទៀតផង!»។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននិងកំពុងធ្វើប្រតិបត្តិការ ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៣ មក និងបានបម្រើអតិថិជនកម្ពុជារាប់ម៉ឺននាក់ នៅទូទាំងប្រទេស ឲ្យទទួលបានការការពារហិរញ្ញវត្ថុក្រុមគ្រួសារ តាមរយៈសេវាធានារ៉ាប់រង អាយុជីវិតដែលត្រឹមត្រូវ និងគួរជាទីទុកចិត្តបំផុត៕