(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រកាសថា បេក្ខជន-បេក្ខនារី ដែលទើបប្រឡងជាប់ក្របខ័ណ្ឌថ្មី នៃមន្ដ្រីនគរបាលជាតិ ប្រសិនបើពិនិត្យឃើញថា ក្នុងខ្លួនមានផ្ទុកសារធាតុញៀន នឹងត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌភ្លាម ដោយដាក់ជំនួសមកវិញនូវអ្នកជាប់បម្រុង។
ការប្រកាសបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ ក្នុងឱកាសលោកស្នងការ ចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយបេក្ខជន-បេក្ខនារី ដែលទើបប្រឡងជាប់ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌនគរបាលជាតិចំនួន១៦៦នាក់ នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្ត។ ក្នុងនោះក៏មាន ការចូលរួមពី លោក-លោកស្រីស្នងការរង លោកនាយ-នាយរងការិយាល័យបុគ្គលិក និងលោកនាយ-នាយរងផ្នែកបុគ្គលិក សរុប១៧៥នាក់។
ក្រៅពីការបញ្ហាគ្រឿងញៀន លោកឧត្តមសេនីយ៍ស្នងការបានធ្វើការផ្តាំផ្ញើ និងសង្កត់ធ្ងន់ថា «នៅពេលចូលរៀននៅសាលានគរបាលជាតិបេក្ខជន-បេក្ខនារី មិនអនុញ្ញាតឲ្យទៅរៀននៅមហាវិទ្យាល័យឯកជននានាឡើយ ប៉ុន្តែនៅថ្ងៃសៅរ៍ ឬអាទិត្យអាចបន្តការសិក្សាបានធម្មតា ព្រោះសាលានគរបាលអនុញ្ញាតឲ្យសម្រាក ហើយករណីប្រសិនបើសាលានគរបាលជាតិ បញ្ជូនឈ្មោះ មកខាងយើង ដោយអវត្តមានអស់លោក-អ្នកនាងកញ្ញា នឹងត្រូវលុបឈ្មោះចេញពីក្របខណ្ឌ ដោយដាក់ជំនួសមកវិញនូវអ្នកជាប់បម្រុង»។
លោកស្នងការបញ្ជាក់ថា នៅពេលរៀនចប់ និងប្រឡងចូលក្របខ័ណ្ឌជាប់ពេញសិទ្ធ ជាមន្ត្រីនគរបាលជាតិ ត្រូវធ្វើជាគំរូដ៏ល្អសម្រាប់សង្គមជាតិ និងបម្រើដល់ ប្រជាពលរដ្ឋឲ្យអស់ពីសមត្ថភាព និងលទ្ធភាពដែលអាចធ្វើបាន៕