(ភ្នំពេញ)៖ លោក ឡុង សុផាត ប្រធានសហភាពយុវជនការពារសិទ្ធិកម្មករកម្ពុជា ដែលមានសហព័ន្ធ៥ចំណុះ តំណាងឱ្យកម្មករជាង១០ម៉ឺននាក់ ក្នុងវិស័យកាត់ដេរ និងស្បែកជើងនៅប្រទេសកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលទាមទារឱ្យសហរដ្ឋអាមេរិក លុបបំណុលដែលកម្ពុជា បានជំពាក់ក្នុងសម័យលន់នល់ ។
លោក ឡុង សុផាត បានបញ្ជាក់នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះថា បំណុលទាំងនេះមិនមែនជាបំណុលមនុស្សធម៌ទេ ប៉ុន្ដែវាជាបំណុលខ្មៅកង្វក់ ដែលកើតឡើងដោយសារតែការធ្វើរដ្ឋប្រហារ ទម្លាក់សម្ដេច ព្រះនរោត្តម សីហនុ នៅក្នុងសម័យនោះ ហើយអាមេរិកនិងរបបលន់នល់ បានឃុបឃិតគ្នាលក់ និងទិញសព្វាវុធ គ្រាប់រំសេវ ដើម្បីធ្វើសង្គ្រាមនៅស្រុកខ្មែរ ហើយ អាមេរិកក៏បានទម្លាក់គ្រាប់បែកនៅកម្ពុជាជាង ២លាន៨សែនតោន និងគ្រាប់បែកគីមីសម្លាប់ខែ្មរជាង ៥០០,០០០នាក់់ និងផ្ទះសម្បែងខែ្មររាប់ម៉ឺនខ្នងត្រូវបានបំផ្លាញ។
បើតាមលោក ឡុង សុផាត ប្រវត្តិសាស្ត្របានបង្ហាញច្បាស់ថា ប្រសិនបើគ្មានការគាំទ្រពីអាមេរិកក្នុងក្នុងការធ្វើរដ្ឋប្រហារសម្តេចព្រះនរោត្តម សីហនុទេ ក៏គ្មានរបបកម្ពុជាប្រជាធិបតេយ្យ ហើយបើគ្មានរបបកម្ពុជាប្រជាធិបតេយ្យ ក៏ប្រជាជនខ្មែរមិនស្លាប់អស់ជាង៣លាននាក់នោះដែរ ។
ប្រធានសហជីពរូបនេះ ដែលតំណាងឲ្យកម្មករជាង១០ម៉ឺននាក់ នៅទូទាំងប្រទេសសូមប្រកាសគាំទ្រពេញទំហឹង និងថ្កោលទោស ចំពោះរាល់ទង្វើណាដែលមានបំណងរារាំងមិនឱ្យសហរដ្ឋអាមេរិកលុបចោលបំណុលដ៏កខ្វក់នេះពីកម្ពុជា និងសូមឱ្យលោកប្រធានាធិបតីថ្មីនៃសហរដ្ឋអាមេរិក មេត្តាពិចារណា និងលុបចោលនូវបំណុលកង្វក់នេះ ។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងអំពីបញ្ហាបំណុលជំពាក់អាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ទីក្រុង Davos ប្រទេសស្វីស និងប្រសាសន៍របស់សម្តេចថ្លែង នៅក្នុងពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ៕
សូមស្ដាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន លើកឡើងអំពីបញ្ហាបំណុលជំពាក់អាមេរិក កាលពីថ្ងៃទី២០ ខែមករា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក និងប្រសាសន៍របស់សម្តេចថ្លែងនៅក្នុងពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦៖