(ព្រះសីហនុ)៖ ប្រជាពលរដ្ឋនៅតំបន់ក្បាលឆាយ ចំនួន១២៤គ្រួសារ ដែលកំពុងរស់នៅក្នុងតំបន់ហាមឃាត់ (ដីអនុក្រឹត្យ) ស្ថិតក្នុង សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ បានសំដែងភាពរីករាយរំភើប ឥតឧបមា ក្រោយពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឲ្យអាជ្ញាធរខេត្តព្រះសីហនុ ដែលមានលោក យន្ត មីន ជាអភិបាលខេត្ត ធ្វើការចាប់ឆ្នោត ផ្តល់ដីសម្បទានសង្គមកិច្ចជូនពួកគាត់ បានរស់នៅដោយស្របច្បាប់ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា បើទោះបីជា តំបន់ប្រភពទឹកក្បាលឆាយ ដែលជាកន្លែងស្តុកទឹកស្អាត ដ៏មានសារសំខាន់បំផុតសំរាប់ ប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រើប្រាស់នៅទូទាំងក្រុងព្រះសីហនុ មួយផ្នែក ស្រុកស្ទឹងហាវ រួមនិង ស្រុកព្រៃនប់ផងដែរ ដែលយើងត្រូវថែរក្សាការពារទាំងអស់គ្នា អោយបានគង់វង្សទុកសំរាប់ប្រើប្រាស់តទៅ ថ្ងៃខាងមុខទៀត។
ប៉ុន្តែជាក់ស្តែងនៅក្នុងតំបន់នេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកាត់ដីជូនប្រជាពលរដ្ឋបានរស់នៅ ជាកម្មសិទ្ធិរួច ហើយក្តី ក៏នៅមានប្រជាពលរដ្ឋជាច្រើនទៀតដែលគ្មានដីរស់នៅពិតប្រាកដនោះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសនោះ បានអនុញ្ញាត ឲ្យអាជ្ញាធរខេត្តព្រះសីហនុ ធ្វើការស្វែងរកទីតាំងដីសម្បទានសង្គមកិច្ចទុកសំរាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ បានរស់នៅ ដោយស្របច្បាប់ផងដែរ ដោយមិនបោះបង់បងប្អូនចោលអោយធ្វើចំណាកស្រុក ឬរស់នៅក្នុងរបៀបជនអាណាធិបតេយ្យឡើយ ។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុក៏បានសំណូមពរឱ្យប្រជាពលរដ្ឋដែលបានចូលរួមចាប់ឆ្នោតទទួលយកដីសម្បទាន សង្គមកិច្ចនាពេលនេះ សូមបងប្អូនប្រជាពលរដ្ឋរស់នៅអោយបានរយៈពេល ៥ឆ្នាំ អាជ្ញាធរខេត្ត នឹងរៀបចំចេញបណ្ណ័កម្មសិទ្ធ ស្របច្បាប់ជូន ម្យ៉ាងទៀតប្រសិនជាបងប្អូនបានទទួលដីសម្បទានសង្គមកិច្ចពីរដ្ឋបាលខេត្តរួចហើយ យកទៅលក់ ដូរ និងទៅចាប់ ដីកន្លែងផ្សេងទៀតនោះ អាចប្រឈមមុខនឹងផ្លូវច្បាប់ជាក់ជាមិនខានឡើយ ដោយសារកន្លងមកមានប្រជាពលរដ្ឋមួយ ចំនួន ទទួលបានដីសម្បទានសង្គមកិច្ចពីអាជ្ញាធរខេត្តហើយ យកទៅលក់បន្តរួចទៅចាប់ដីរដ្ឋកន្លែងផ្សេងទៀត ។
លោក យន្ត មីន បានអំពាវនាវប្រជាពលរដ្ឋឈប់ចូល កាន់កាប់បំពានដីរដ្ឋដោយខុសច្បាប់បន្តទៀត ប្រសិនបើប្រជាពលរដ្ឋណា គ្មានដីពិតប្រាកដ សូមទាក់ទងទៅអាជ្ញាធរភូមិ សង្កាត់ ដើម្បីឱ្យក្រុមការងារពិនិត្យមើលថា ប្រជាពលរដ្ឋគ្មានដីពិតប្រាកដមែន គណៈកម្មការខេត្តនឹងរៀបចំបែងចែកដីជូនពួកគាត់។
គួរបញ្ជាក់ថា នេះគឺជាលើកទី២ ហើយបន្ទាប់ពីលើកទី១ មានប្រជាពលរដ្ឋ ១២៧គ្រួសារបានទទួលដីសម្បទានសង្គមកិច្ចពីរដ្ឋបាលខេត្ត រួចហើយកាលពីចុងឆ្នាំ២០១៦។ ជាមួយគ្នានេះបងប្អូនប្រជាពលរដ្ឋក៏បានអបអរសាទររដ្ឋបាលខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ បានបែងចែកដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋតំបន់៣១«ក្បាលឆាយ»ដោយស្មើភាព ដោយបងប្អូនប្រជាពលរដ្ឋបានទទួលដីសម្បទានសង្គមកិច្ចពីរដ្ឋបាលខេត្តរស់នៅ ស្របច្បាប់ ព្រមទាំងរៀបចំប្លង់កម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋដោយមានការទទួលស្គាល់ពីអាជ្ញាធរភូមិ សង្កាត់ ក្រុង -ខេត្តផងដែរ៕