(ភ្នំពេញ)៖ អ្នករកសុីនាំទំនិញចូលពីប្រទេសវៀតណាម ជាពិសេសឈ្មួញនៅផ្សារអូឡាពិក បានលួចខ្សឹបប្រាប់នាយខ្វែកនៅប៉ុន្មានថ្ងៃនេះ អោយដឹងថា បច្ចុប្បន្នមានឈ្មួញជាអ្នករកសុី នៅផ្សារអូឡាំពិកម្នាក់ ដោយសារតែអាងប្ដីខ្លួនឯងធ្វើជាមេគយ ចល័តនៅតាមផ្លូវជាតិ ក៏ចេញមុខរកសុីកាងទំនិញអោយឈ្មួញផ្សេងៗទៀត ក្នុងតម្លៃធូរថ្លៃនាំចូលមកពី ប្រទេសវៀតណាម ដេញជើងអ្នករកសុីផ្សេងៗទៀត រកសុីលែងចង់កើត តែអ្វីដែលសំខាន់នោះ គឺធ្វើអោយរដ្ឋបាត់ចំណូលពន្ធយ៉ាងក្រាស់ក្រែល។
អ្នករកសុីដឹកនិងរត់ការទំនិញអោយគេ មួយចំនួនបានលួចបង្ហើបអោយដឹងថា ឈ្មួញនៅផ្សារអូឡាំពិកដែលអាងមានប្ដីធ្វើមេគយចល័តប្រចាំផ្លូវជាតិនេះ កាលប្ដីឡើងកាន់តួនាទីដំបូងមិនចេះរកសុីលូកដៃ ចូលកិច្ចការរបស់ប្ដីនោះឡើយ តែក្រោយមកមើល ឃើញមុខរបរនេះកាក់កប ជាងអង្គុយលក់ខ្លួនឯងក៏ចាប់ផ្ដើមរកសុីគួកជេរ រត់ការទំនិញអោយគេឯងដេញជើងអ្នកធ្លាប់រកសុី ផ្សេងៗទៀតចង់បាស់ជើងគ្រប់ៗគ្នាអស់ទៅហើយ តែអ្វីដែលសំខាន់ គឺបានធ្វើអោយរដ្ឋបាត់ប្រាក់ចំណូលពន្ធអស់មួយចំនួនធំ ព្រោះតែប្ដីកាន់ខាងបង្ក្រាបទំនិញគេចពន្ធតាមផ្លូវជាតិទៅហើយ រឿងអីទៅលើកដៃចាប់ទំនិញរបស់ប្រពន្ធខ្លួនឯងដែលជាអ្នកកាងអោយគេទៅកើតនោះ។
រឿងនេះត្រូវបានគេបង្ហើបអោយដឹងថា ល្បិចកាងទំនិញនាំចូលអោយឈ្មួញដ៏ទៃធ្វើអោយ បាត់ប្រាក់ចំណូលពន្ធរដ្ឋនេះ ពីមុនអ្នករកសុីរត់ការទំនិញនាំចូលពីប្រទេសវៀតណាម អោយឈ្មួញលក់ដុំនៅក្នុងប្រទេស ឧទាហរណ៏ ទំនិញមួយរថយន្តគេត្រូវយកពីម្ចាស់៥,០០០ដុល្លារ ដើម្បីយកទៅរត់ការបង់ពន្ធខ្លះ បង់សមត្ថកិច្ចនៅតាមដងផ្លូវខ្លះ ថ្លៃឈ្នួលដឹកខ្លះ នៅសល់ចំណេញខ្លះ តែក្រោយពីភរិយាមេគយចល័តប្រចាំផ្លូវជាតិខាងលើចេញមុខកាងរត់ការរកសុីប្រជែងគេឯងមក គាត់យកលុយពីម្ចាស់ទំនិញតែ ៤,៥០០ដុល្លារប៉ុណ្ណោះ ធានារត់ការដល់ភ្នំពេញដូចគ្នា ព្រោះមានប្ដីជាអ្នកជួយសម្រួល សមត្ថកិច្ចផ្សេងៗបង់ពន្ធអស់តិច ហើយបើនិយាយពីអង្គភាពរបស់ប្ដីដែលឈរជើងបង្ក្រាបបទល្មើស ទំនិញគេចពន្ធនៅលើផ្លូវជាតិវិញ មិនបាច់បង់អស់១រៀល ក៏បានព្រោះវាមិនដែលប្ដីហ៊ានចាប់ទំនិញរបស់ប្រពន្ធនោះទេ។
ដូច្នេះហើយទើបធ្វើអោយម្ចាស់ទំនិញភាគច្រើន រត់ទៅអោយភរិយាលោកមេគយចល័តនៅលើដងផ្លូវជាតិខាងលើជួយរត់ការ ធ្វើអោយអ្នករកសុីរត់ការផ្សេងៗ ដែលបង់ពន្ធច្រើន យកលុយថ្លៃរត់ការខ្ពស់នោះ ម្នាក់ៗចង់ដាច់បាយទៅហើយ តែអ្វីដែលសំខាន់គឺធ្វើអោយរដ្ឋបាត់ចំណូលពន្ធមិនតិចនោះទេ។
ពាក់ព័ន្ធករណីភាពមិនប្រក្រតីរបស់ភរិយា និងលោកមេគយចល័តប្រចាំផ្លូវជាតិខាងលើនេះ អ្នករកសុីភាគច្រើនបានសំណូមពរ តាមរយៈអង្គភាពព័ត៌មាន Fresh News ស្នើសុំអោយលោកប្រធាននាយកដ្ឋានគយចល័ត និងប្រតិភូទទួលបន្ទុកជាអគ្គនាយកគយ និងរដ្ឋាករមេត្តាជួយមានវិធានការ លប់បំបាត់នូវភាពមិនប្រក្រតីរបស់មន្ត្រីគយខាងលើនេះផង។ ក្នុងនោះគេថាបើចង់ស្គាល់ឈ្មោះជានរណា ទៅសួរតែអ្នកអូឡាំពិក អ្នករកសុីនាំទំនិញចូលពីប្រទេសវៀតណាមទៅគេស្គាល់ហើយ សូម្បីតែមន្ត្រីគយគ្នាឯងក៏ដឹងរឿងនេះដែរ៕