(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ជម្រុញឲ្យអាជ្ញាធរស្រុកឃុំ ត្រូវចាត់វិធានការចំពោះជនចំណាកស្រុកទាំងឡាយណា ដែលមានបំណងចូលមកលុកលុយកាប់ទន្ទ្រានដីព្រៃខុសច្បាប់ និងចុះពិនិត្យលទ្ធភាពជាក់ស្តែង ទៅលើដីរបស់បងប្អូនប្រជាពលរដ្ឋ និងអតីតយុទ្ធជន ដែលគ្មានដីពិតប្រាកដ ជាពិសេសត្រូវចូលរួមអភិរក្សព្រៃក្រវាញដែលមានស្រាប់ ពីព្រោះក្រវាញ គឺជាអត្តសញ្ញាណរបស់ខេត្តពោធិ៍សាត់ និងជាចំណាប់អារម្មណ៍ទី២ ក្នុងយន្តការដឹកនាំរបស់លោក។
ការជម្រុញរបស់លោក ម៉ៅ ធនិន ធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ រួមជាមួយបងប្អូនជនជាតិដើម ជាង១ពាន់នាក់ ក្នុងឃុំអូរសោម ស្រុកវាលវែង នៅបរិវេណសាលាបឋមសិក្សាអូរសោម។ ក្នុងនោះការចូលរួមពី លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានប្រតិបត្តិ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត អភិបាលរងខេត្ត សមាជិកាសមាគមនារីខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរស្រុកឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ម៉ៅ ធនិន បានថ្លែងថា នេះជាលើកទី២ហើយ ដែលលោកបានជួបសំណេះសំណាលជាមួយបងប្អូន ក្នុងនាមជាថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងក្នុងនាមក្រុមគ្រួសារតែមួយ ដើម្បីរួមសុខរួមទុក្ខជាមួយគ្នា ហើយឃុំអូរសោម គឺជាឃុំដែលលោកមកដល់ដំបូងគេបង្អស់ ចាប់តាំងពីលោកបានមកដឹកនាំយន្តការក្នុងខេត្តពោធិ៍សាត់។ ជាការពិតណាស់ ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល មានភ័ព្វសំណាង ដែលទទួលបាននូវសមិទ្ធិផលជាច្រើនពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចជាទំនប់វ៉ារីអគ្គិសនីអាតៃ នៅឃុំអូរសោម, ទំនប់ស្ទាក់ទឹកទី៣ និងទី៥ នៅស្រុកភ្នំក្រវាញ ដែលអាចស្តុកទឹកបានជាង ៥០លានម៉ែត្រគូប, ផ្លូវជាតិលេខ៥៥ ដែលបាននឹងកំពុងស្ថាបនា តភ្ជាប់ពីផ្លូវជាតិលេខ៥ រហូតដល់ព្រំប្រទល់កម្ពុជាថៃ ឃុំថ្មដា ស្រុកវាលវែង, ជាពិសេសផ្លូវជាតិលេខ៥ ដែលជាផ្លូវភ្លោះ នឹងចាប់ផ្តើមសាងសង់នាពេលខាងមុខ។
លោកអភិបាលខេត្តបានបន្ថែមថា «វារីអគ្គិសនីអាចដំណើរការទៅបាន ដោយសារយើងមានធនធានធម្មជាតិជាច្រើន (ព្រៃឈើ) ទើបបង្កើតបានជាទឹក ដូច្នេះហើយសូមបងប្អូនរក្សាស្ថានភាពដើម ដោយបញ្ឈប់ការកាប់ទន្ទ្រានដីព្រៃ និងកោរភ្នំធ្វើជាកម្មសិទ្ធិបន្តទៀត ត្រូវគិតពីប្រយោជន៍រួម និងផលប្រយោជន៍ជាតិជាធំ»។ អភិបាលខេត្ត បានជម្រុញឲ្យអាជ្ញាធរស្រុកឃុំ ត្រូវចាត់វិធានការចំពោះជនចំណាកស្រុកទាំងឡាយណា ដែលមានបំណងចូលមកលុកលុយកាប់ទន្ទ្រានដីព្រៃខុសច្បាប់ និងចុះពិនិត្យលទ្ធភាពជាក់ស្តែង ទៅលើដីរបស់បងប្អូនប្រជាពលរដ្ឋ និងអតីតយុទ្ធជន ដែលគ្មានដីពិតប្រាកដ។
ជាមួយគ្នានោះ លោក ម៉ៅ ធនិន បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ និងប្រជាការពារ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ អំពីសន្តិសុខ និងចូលរួមលុបបំបាត់ ល្បែងស៊ីសង គ្រឿងញៀន ក្មេងទំនើង ជាពិសេសត្រូវចូលរួមអភិរក្សព្រៃក្រវាញដែលមានស្រាប់ ពីព្រោះក្រវាញ គឺជាអត្តសញ្ញាណរបស់ខេត្តពោធិ៍សាត់ និងជាចំណាប់អារម្មណ៍ទី២ ក្នុងយន្តការដឹកនាំរបស់លោក។
ជាចុងបញ្ចប់ លោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី បានចែកជូនវត្ថុកំដរដៃ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួម ជាង១ពាន់នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ព្រមទាំងបន្តចុះសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ទេព ងន មកពីប្រទេសបារាំង ដែលបានមកពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋឃុំអូរសោម រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែមករា ឆ្នាំ២០១៧ផងដែរ៕