(កំពង់ធំ)៖ នៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០១៧នេះ​ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន បានផ្តល់ស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ​ និងសម្ភារៈប្រើប្រាស់ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៨៧៥គ្រួសារ ដែលអញ្ជីញមកពី ២៩ភូមិ ក្នុង​ ឃុំចំនួន​ ៧​ នៃស្រុកសណ្ដាន់ និងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

ក្នុងឱកាសចុះចែកអំណោយនោះ​  លោកវេជ្ជបណ្ឌិតអ៊ុយ​ សំអាត​ នាយក​ នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​ កាកបាទក្រហមកម្ពុជា​ រួមជាមួយថ្នាក់ដឹកនាំ​ នៃសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ធំ​ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋក្រីក្រជួបទុក្ខលំបាក ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនរើសអើង ជាតិសាសន៍ វណ្ណៈ ព័ណ៍​សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានោះ​  លោកវេជ្ជ. អ៊ុយ​ សំអាត​ បានផ្ដាំផ្ញើជូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់គិតគូពីបញ្ហាសុខភាពរស់នៅប្រចាំថ្ងៃ ទប់ស្កាត់ការរីករាលដាល​នៃមេរោគអេដស៍ ជំងឺអេដស៍ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន-គ្រឿងស្រវឹង ដែលជាហេតុនាំឲ្យមានអំពើហិង្សា ចោរកម្ម​ ឬការសម្លាប់មនុស្សជាដើម។ ជាពិសេស ត្រូវប្រុងប្រយ័ត្នជានិច្ច និងគោរពច្បាប់ចរាចរណ៍ក្នុងពេលបើកបរតាមដងផ្លូវ ព្រោះគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមរបស់​យើងម្នាក់ៗក៏ដូចជាសង្គមជាតិ​ទាំងមូល។

បន្ទាប់ពីទទួលបានអំណោយមនុស្សធម៌ប្រជាពលរដ្ឋទាំងអស់ មានសេចក្ដីរំភើប ត្រេកអររកអ្វីប្រៀបផ្ទឹមពុំបាន និងបានថ្លែងអំណរគុណដល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចាត់ឲ្យសហការីនាំយកស្បៀងអាហារ​ សម្ភារៈប្រើប្រាស់ សម្រាប់ជួយសម្រាលដល់ការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រា និងសូមជូនពរដល់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចតេជោនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារជួបតែសេចក្ដីសុខ និងទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

សម្រាប់ប្រជាពលរដ្ឋទាំង​ ៨៧៥​គ្រួសារ​ ក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស មុង១ ភួយ១ សារុង១ ក្រមា១។

ដោយឡែក លោកតា លោកយាយជួបការលំបាកខ្លាំងចំនួន ៦នាក់ ទទួលបានថវិកា​បន្ថែមមួយចំនួនទៀត​ ៕