(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ ដំណឹងដ៏រីករាយ ហើយរំភើបមួយ សម្រាប់ជនពិការ សិស្សសាលា និងចាស់ជរា ខណៈដែរ លោក វីុ សំណាង អភិបាលខេត្តកំពង់ស្ពឺ ចុះ MoU ជាមួយក្រុមហ៊ុន Brickston Cambodia គឺដើម្បីបង្កើតកិច្ចសហប្រត្តិបត្តការ និងភាពជាដៃគូ ផ្តល់សេវាដឹកជញ្ជូនរថយន្តក្រុង សម្រាប់ អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ នៅលើខ្សែរផ្លូវទូទាំងខេត្តកំពង់ស្ពឺ ដោយចាប់ផ្តើមដំបូងពីផ្លូវជាតិលេខ៤ រហូតដល់ចោមចៅ ដើម្បីតភ្ជាប់ជាមួយ ខ្សែររថយន្តក្រុង របស់សាលារាជធានីភ្នំពេញតែម្តង។
ការចុះMoU គឺដើម្បីការប្រតិបត្តិការសេវារថយន្តក្រុង នៅក្នុងខេត្តកំពង់ស្ពឺនេះ នឹងចូលរួមចំណែកដល់កិច្ចប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការបង្ខិតសេវាសាធារណៈឲ្យកាន់ខិតជិតប្រជាពលរដ្ឋ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តកំពង់ស្ពឺ ដោយសាររថយន្តក្រុង នឹងជួយសន្សំសំចៃថ្លៃ ដឹកជញ្ជួនរបស់ប្រជាពលរដ្ឋ ពលករ និងមន្ត្រីរាជការ នៅក្នុងខេត្តកំពង់ស្ពឺ។
ការបង្កើតភាពជាដៃគូនេះ ក៏នឹងរួមចំណែកដល់កិច្ចប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការជម្រុញបន្ថែមទៀតដល់វិស័យទេសចរណ៍ សកម្មភាពពាណិជ្ជកម្ម បង្កើតការងារ និងធ្វើទំនើបភាវូបនីយកម្មខេត្តកំពង់ស្ពឺផងដែរ ហើយក្រុមហ៊ុន Brickston Cambodia នេះមានបទពិសោធន៍ជាង៣០ឆ្នាំ លើផ្នែកសេវាដឹកជញ្ជូន នៅប្រទេសសឹង្ហបុរី ដូច្នេះគាត់នឹងក្លាយជាដៃគូដ៏ល្អ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ។
សេវារថយន្តក្រុង នឹងចាប់ផ្តើមដំណើរការដំបូងរថយន្តចំនួន ២០គ្រឿង តាមបណ្តោយផ្លូវជាតិលេខ៤ ពីខេត្តកំពង់ស្ពឺ ទៅចោមចៅ ហើយនឹងពង្រីកបន្តទៅផ្លូវជាតិ៤១-៥១ នៅចុងខែឧសភា ឆ្នាំ២០១៨ ទៅផ្លូវជាតិលេខ៤៤ នៅចុងខែឧសភា ឆ្នាំ២០១៩ និងផ្លូវដ៏ទៃផ្សេងទៀត តាមការពិភាក្សារវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន និងតម្រូវការទីផ្សារ។
ក្រុមហ៊ុន Brickston Cambodia នឹងផ្តល់សេវាមិនគិតប្រាក់ចំពោះសិស្សសាលា ជនពិការ និងមនុស្សចាស់ជរា ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ លើកលែង តែថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបុណ្យជាតិ ក្រុមហ៊ុនក៏នឹងព្យាយាយផ្តល់ការបញ្ចុះតម្លៃពិសេសដល់ព្រះសង្ឃ ពលករ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នៅពេលវេលាសមស្របណាមួយផងដែរ៕