(ព្រៃវែង)៖ លោក សុខ ខេមរិន អនុប្រធានក្រុមការងារថ្នាក់ស្រុក និងជាប្រធានក្រុមការងារថ្នាក់ឃុំកញ្ជ្រៀច តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លងសមិទ្ធិផលនានា ក្នុងវត្តធម្មកេរ្ដិ៍ ស្ថិតនៅឃុំកញ្ចៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ក្នុងឱកាស លោក សុខ ខេមរិន ក៏នាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខជូនប្រជាពលរដ្ឋ ពីសំណាក់សម្ដេចក្រឡហោម ស ខេង និងនាយឧត្តមសេនីយ៍ នេត សាវឿន ផងដែរ។
ជាមួយគ្នានោះដែរ លោក សុខ ខេមរិន ប្រធានក្រុមការងារថ្នាក់ឃុំកញ្ជ្រៀច ក៏បានចូលបច្ច័យក្នុងការកសាងវត្ត១២លានរៀល ប្រគេនបច្ច័យដល់ព្រះសង្ឃ៧អង្គ ក្នុងមួយ៥០,០០០រៀល, តាជីយាយជី៥០នាក់, យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សរុប៩០នាក់, លោកគ្រូ អ្នកគ្រូ ១៥នាក់ និងសិស្សានុសិស្ស១០០នាក់ផងដែរ។
យ៉ាងណាមិញ លោក សុខ ខេមរិន បានធ្វើការផ្ដាំផ្ញើឲ្យថ្នាក់ដឹកនាំក្នុងមូលដ្ឋានទាំងអស់ ត្រូវពង្រឹង និងយកចិត្តទុកដាក់ចំពោះការខ្វះខាតរបស់ប្រជាពលរដ្ឋ ហើយប្រសិនបើប្រជាពលរដ្ឋណាមានការខ្វះខាតត្រូវរាយការណ៍ជូនថ្នាក់លើជាបន្ទាប់ ព្រោះនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន មិនទុកឲ្យពលរដ្ឋណាជួបទុកលំបាកឡើយ៕