(ភ្នំពេញ)៖ លោកប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក ថោង ខុន និងអគ្គលេខាធិការលោក វ៉ាត់ ចំរើន រួមជាមួយតំណាង​គណៈកម្មាធិការអូឡាំពិក​អន្តរជាតិ (IOC) លោក សឺ មៀង (Ser Miang) បានរួមដំណើរ ទៅពិនិត្យការដ្ឋានសាងសង់ «ពហុកីឡដ្ឋានជាតិមរតកតេជោ» នាព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧ ដែលរួចរាល់បាន ៨០ភាគរយហើយចំពោះ អាងហែលទឹក មជ្ឈមណ្ឌលកីឡាក្នុងសាល កន្លែងស្នាក់នៅរបស់អត្តពលិក  តារាងបាល់បោះ និងតារាងបាល់ទះ សម្រាប់ដំណាក់កាលទី១ ដែលគ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។

តាមភ្នាក់ងារ Fresh News ប្រចាំទីនោះបានរាយការណ៍មកថា នេះជាដំណើរទស្សកិច្ចលើកទី១ របស់សមាជិកប្រតិបត្តិគណៈកម្មាធិការអន្តរជាតិ (International Olympic Committee) ដើម្បីពិនិត្យមើលការសាងសង់ ក៏ដូចជាស្តង់ដាអន្តរជាតិ គ្រាដែលពហុកីឡដ្ឋានថ្មីដែលចាយលុយរាប់លានដុល្លារមួយនេះ ទុកប្រើសម្រាប់កម្ពុជាធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍កីឡាអាស៊ាន SEA Games 2023 ខាងមុខ និងយុទ្ធនាការផ្សេងៗទៀត។

លើសពីនេះទៀត វត្តមានរបស់សមាជិក IOC លោក Ser Miang ជនជាតិសិង្ហបុរីមកកម្ពុជាលើកនេះ ក៏ដើម្បីតំណាងលោកប្រធាន Thomas Bach ក្នុងការប្រគល់ពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ» (IOC President’s Trophy) ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានារសៀលម៉ោង ៣៖៣០នាទីនេះ នៅវិមានសន្តិភាពផងដែរ៕