(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងក្រុមហ៊ុនឯកជន គ្រឹះស្ថានសាធារណៈចំនួន៨២ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំរួមគ្នាពិនិត្យលើកិច្ចសហប្រតិបត្តិការ និងពិនិត្យបញ្ហាប្រឈមមួយចំនួនទៀត។
កិច្ចប្រជុំដឹកនាំដោយលោកទេសរដ្ឋមន្រ្តី ឱម យ៉ិទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន និងគ្រឹះស្ថានសាធារណៈជាច្រើនរូបទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចែកចាយដល់ដៃអ្នកព័ត៌មានបានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងធំៗចំនួន៣ រួមមាន៖ ទី១. ផ្ដល់ជាវេទិកាដល់ភាគី ដែលបានចុះ MoU ជាមួយអង្គភាពប្រឆាំងអំពើពុករលួយចែករំលែកបទពិសោធន៍អំពីប្រយោជន៍បញ្ហាប្រឈមជួបប្រទះ ដំណោះស្រាយកន្លងមក និងសំណូមពរនានា, ទី២. រួមគ្នាពិគ្រោះយោបល់រកលទ្ធផលដោះស្រាយ រួមមានចីរភាព អំណោយផលចំពោះការប្រកបធុរកិច្ច និងការប្រឆាំងអំពើពុករលួយចំពោះបញ្ហាប្រឈមនានាដែលមាន និង អាចកើតមាន និង ទី៣.ពិភាក្សាអំពីទិសដៅនិងនិរន្តភាពការងារបន្តទៅមុខ ក្នុងការប្រឆាំងអំពើពុករលួយក្នុងវិស័យឯកជន ។
សូមបញ្ជាក់ថា ការចងចុះអនុស្សារណយោគយល់ រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមហ៊ុនឯកជនធ្វើឡើងក្នុងគោលបំណងធ្វើឲ្យវិស័យឯកជន ប្តេជ្ញាធ្វើជាស្ថាប័នស្អាតស្អំ កសាងនូវវប្បធម៌តម្លាភាព គោរពច្បាប់កម្ពុជា បដិសេធរាល់អំពើពុលរលួយ អប់រំមិនឲ្យមានការសូកប៉ាន់ នៅពេលទំនាក់ទំនងជាមួយមន្ត្រីរាជការ អ្នកផ្គត់ផ្គង់អតិថិជន អង្គភាព ឬ បុគ្គលដទៃ។
ការចុះអនុស្សារណៈយោគយល់នេះ ក៏មានវត្ថុបំណងការពារសុច្ចរិតភាព និងគាំទ្រយ៉ាងពេញទំហឹងការប្ដេជ្ញារបស់ភាគី នៃ MoU ដោយរក្សាឲ្យបានដាច់ខាតនូវការសម្ងាត់ពីប្រភពព័ត៌មាន និងភស្ដុតាងពាក់ព័ន្ធ នឹងអំពើពុករលួយ ដែលផ្ដល់ជូន និងបើកការស៊ើបអង្កេត៕