(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា-NACC ដែលតំណាងឲ្យកម្មករជាង៤០ម៉ឺននាក់ ក្នុងវិស័យកាត់ដេរ វិស័យអប់រំ និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ឋ នៅប្រទេសកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលទាមទារឲ្យសហរដ្ឋអាមេរិក លុបបំណល់ដែលកម្ពុជា បានជំពាក់ក្នុងសម័យលន់ណុល។
លោក សោម អូន បានបញ្ជាក់នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះថា បំណុលទាំងនេះ មិនមែនជាបំណុលមនុស្សធម៌ទេ ប៉ុន្ដែបំណុលទាំងនេះជាបំណុលខ្មៅកង្វក់ ដែលកើតឡើងដោយសារតែការធ្វើរដ្ឋប្រហារ ទម្លាក់សម្ដេច នរោត្តម សីហនុ នៅក្នុងសម័យនោះ ហើយអាមេរិកនិងរបបលន់ណុល បានឃុបឃិតគ្នាលក់និងទិញសព្វាវុធ គ្រាប់រំសេវ ដើម្បីធ្វើសង្គ្រាមនៅស្រុកខ្មែរ ហើយ អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាជាង ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ សម្លាប់ខែ្មរជាង ៥០០,០០០នាក់់ និងផ្ទះសម្បែងខែ្មររាប់មុឹនខ្នងត្រូវបានបំផ្លាញ ។ ម្យ៉ាងទៀតប្រវត្តិស្ត្របាបង្ហាញយ៉ាងច្បាស់ថា ប្រសិនបើគ្មានការគាំទ្រពីអាមេរិកក្នុងក្នុងការធ្វើរដ្ឋប្រហារសម្តេច នរោត្តម សីហនុទេ ក៏គ្មានរបបកម្ពុជាប្រជាធិបតេយ្យ ហើយបើគ្មានរបបកម្ពុជាប្រជាធិបតេយ្យ ក៏ប្រជាជនខ្មែរមិនស្លាប់អស់ជាង៣លាននាក់នោះដែរ ។
បន្ថែមពីនេះ ប្រធានសភាសហព័ន្ធសហជីពជាតិកម្ពុជារូបនេះ ដែលតំណាងឲ្យកម្មករជាង៤០ម៉ឺននាក់ នៅទូទាំងប្រទេសសូមប្រកាសគាំទ្រពេញទំហឹង និងថ្កោលទោស ចំពោះរាល់ទង្វើណាដែលមានបំណងរារាំងមិនអោយសហរដ្ឋអាមេរិកលប់ចោលបំណុលដ៏កខ្វក់នេះពីកម្ពុជា និងសូមអោយសហរដ្ឋអាមេរិកពិចារណា និងលប់ចោលនូវបំណុលកង្វក់នេះ ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកឡើងអំពីបញ្ហាបំណុលជំពាក់អាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ទីក្រុង Davos ប្រទេសស្វីស និងប្រសាសន៍របស់សម្តេចថ្លែង នៅក្នុងពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦៕