(ព្រៃវែង)៖ មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅថ្ងៃទី ២៥ខែមករាឆ្នាំ២០១៧ បានចុះត្រួតពិនិត្យគុណភាពសត្វ នៅទីសត្វឃាត និងពិនិត្យគុណភាពសាច់ នៅផ្សារអ្នកលឿង ស្រុកពាមរក៍ និងចុះបាញ់ថ្នាំការងារជំងឺឆ្លង ទៅលើមធ្យោបាយដឹកជញ្ជូនសត្វមួយចំនួនទៀតនៅខេត្តព្រៃវែង។
ទីតាំងក្រុមការងារមន្ទីរចុះនាពេលនេះ ស្ថិតនៅផ្លូវជាតិលេខ១ ចំណុចឃុំកំពង់សឹងស្រុកព្រះស្តេចខេត្តព្រៃវែង ។
លោក ចិន វិសាល ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែងថា ប្រតិបត្តិការនាពេលនេះ មានការចូលរួមពី មន្រ្តីក្រោមការិយាល័យខេត្ត និងមន្រ្តីផ្នែកផលិតកម្មនិងបសុព្យាបាលស្រុកមួយចំនួន។
ប្រតិបត្តិការខាងលើ បានចុះត្រួតពិនិត្យនៅទីសត្វឃាតអ្នកលឿង និងពិនិត្យការលក់ដូររបស់អាជីវករនៅផ្សារអ្នកលឿងទាំងអស់ មិនត្រូវយកសាច់ជ្រូកឈឺឬងាប់មកបន្លំលក់នៅក្នុងទីផ្សារនោះទេ ពីព្រោះអាចនាំឲ្យ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែល យកទៅទទួលទាន។
លោក ចិន វិសាល បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់មុននិងទិញសត្វយកទៅបរិភោគ ត្រូវពិនិត្យមើលត្រា របស់ពេទ្យសត្វ ដែលបានអូសនៅលើសាច់គោ និងជ្រូកសិនមុននិងទិញ បើគ្មានការអូសត្រានោះទេកុំទិញអោយសោះ។
ក្រៅពីនោះលោក បានដឹកនាំកំលាំងបើកយុទ្ធនាការបាញ់ថ្នាំជីវសុវត្ថភាពទៅលើមធ្យោបាយដឹកជញ្ជូនសត្វ ពីតាមតំបន់ផ្សេងៗ គ្នាទៅលក់នៅរាជធានីភ្នំពេញដើម្បីបង្ការទប់ស្កាត់ ជម្ងឺឆ្កងពីសត្វទៅសត្វពីសត្វទៅមនុស្សក្នុងឱកាសបុណ្យចូលឆ្នាំចិន ខាងមុខនេះ។
បន្ថែមពីលើនេះ មន្រ្តីជំនាញបានណែនាំ និងពន្យល់អំពីច្បាប់នៃការដឹកជញ្ជូនសត្វឲ្យបានត្រឹមត្រូវ តាមបច្ចេកទេសមិនត្រូវ ទារុណកម្មសត្វ ដោយចងជើងព្យួរនោះទេ និងបានចែកខិតប័ណ្ណអំពីវិធានការការពារផងដែរ៕