(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ បានស្នើទៅដល់កងទ័ព នៃកងពលធំអន្តរាគមន៍លេខ៣ ក៏ដូជាកងទ័ពនៅតាមអង្គភាពចំណុះទាំងអស់ ក្រៅពីការងារការពារជាតិ ដែលជាកិច្ចការស្នូល ទៅត្រូវចូលរួមជួយដាំដុះ និងធ្វើស្រែចម្ការរបស់ប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ព។
សំណើរបស់នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឡើង ក្នុងពេលអញ្ជើញបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៧ របស់កងពលធំអន្តរាគមន៍លេខ៣ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះ។
ក្នុងពិធីនោះ នាយឧត្តមសេនីយ៍ គន់ គីម បានវាយតម្លៃខ្ពស់ និងកោតសរសើដល់កងទ័ព នៃកងពលធំអន្តរាគមន៍លេខ និងកងទ័ព នៅតាមអង្គភាពចំណុះទាំងអស់ ដែលបានប្រឹងប្រែងអស់កម្លាំងក្នុងការបំពេញភារកិច្ចក្នុងការការពារបូរណភាពទឹកដី និងពុះពាររាល់ការលំ បាកសម្រេចបានលទ្ធផលការងារយ៉ាងល្អប្រសើរ នៅក្នុងឆ្នាំ២០១៦កន្លងទៅ។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានស្នើឲ្យកងទ័ពបន្តរក្សាឆន្ទៈដ៏មុះមុត និងអង់អាចក្លាហាននេះបន្តទៅទៀតសម្រាប់ឆ្នាំ២០១៧នេះ ដើម្បីការពារបូរណភាពទឹកដី ហើយក៏ត្រូវយកចិត្តទុកដាក់ជួយដល់យោធិន និងគ្រួសារកងទ័ពជួបការលំបាកក្នុងជីវភាពផងដែរ។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងដូច្នេះ «សម្រាប់ឆ្នាំ២០១៧នេះ ក្រៅពីភារកិច្ចស្នូល សូមឲ្យកងពលធំ កងពលតូចទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរដល់យោធិនក្រោមឱវាទ និងគ្រួសារកងទ័ព ដែលជួបការលំបាក។ ត្រូវប្រមូលកម្លាំងចុះជួយភ្ជួររាស់ផ្តល់ពូជ និង ដាំដំណាំជូនពួកគាត់ត្រូវគិតពីសុខទុក្ខបងប្អូន»។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានកោតសរសើរដល់កងទ័ព និងក្រុមគ្រួសារ ដែលបានខិតខំបង្កបង្កើនផល ដាំដំណាំផ្សេងៗនៅលើដី ដែលរាជរដ្ឋាភិបាលផ្តល់ជូន សម្រាប់រកថវិកាបន្ថែមសម្រាប់ទ្រទ្រង់ជីវភាព។
នាយឧត្តមសេនីយ៍សេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ក៏បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំកងពលធំអន្តរាគមន៍លេខ៣ ត្រូវបង្កលក្ខណៈឲ្យយោធិន និងក្រុមគ្រួសារ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទៅបោះឆ្នោតឲ្យបានគ្រប់គ្នា៕