(ភ្នំពេញ)៖ បណ្តឹងរបស់មេធាវីការពារក្ដី លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងបក្ខពួក៤នាក់ ត្រូវបានតុលាការកំពូលបដិសេធចោល។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក សឹង បញ្ញាវុឌ្ឈ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ បានច្រានចោលបណ្តឹងនេះ ដោយយល់ឃើញថា ការសម្រេចរបស់សាលាឧទ្ធរណ៍ ជារឿងត្រឹមត្រូវហើយ។
ការប្រកាសសាលដីកានេះ ធ្វើឡើងតែចំពោះមុខជនជាប់ចោទ ឈ្មោះ អ៊ុក ពេជ្រសំណាង ម្នាក់ប៉ុណ្ណោះ។ ដោយឡែកជនជាប់ចោទ៤នាក់ទៀត ពុំត្រូវបានបញ្ជូនមកស្តាប់ការប្រកាសនោះទេ។
ក្រុមមេធាវីការពារជនជាប់ចោទ បានប្តឹងសាទុក្ខមកតុលាការកំពូល ដោយស្នើឲ្យបញ្ជូលឈ្មោះជនជាប់ចោទ៥នាក់ ក្នុងចំណោម១១នាក់ ក្នុងបណ្តឹងមោឃភាពនីតិវិធីដែរ។ ប៉ុន្ដែសំណើនេះត្រូវបានបដិសេធ។
គួររំលឹកថា លោក មាជ សុវណ្ណារ៉ា និង បក្ខពួក ជាប់ចោទពីបទ «ដឹកនាំកុបកម្ម និង អំពើចូលរួមចលនាកុបកម្ម» ប្រព្រឹត្តនៅចំណុចទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ កន្លងទៅ លោក មាជ សុវណ្ណារ៉ា ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសរយៈពេល២០ឆ្នាំរួចមកហើយចំពោះបទល្មើសនេះ ដែលបច្ចុប្បន្នសំណុំរឿងនេះ កំពុងស្ថិតក្រោមចំណាត់ការរបស់សាលាឧទ្ធរណ៍៕