(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយនៅថ្ងៃអង្គារ ដោយតម្រូវឱ្យដំណើរការឡើងវិញ នូវគំរោងសាងសង់បំពង់បង្ហូរប្រេង Keystone XL និង Dakota Access ក្នុងគោលបំណងពន្លឿនការដឹកជញ្ជូនប្រេងនៅសហរដ្ឋអាមេរិក ក៏ប៉ុន្តែគំរោងនេះបានបង្កជាការព្រួយបារម្ភនិងភាពចម្រូងចម្រាស់យ៉ាងខ្លាំងពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន និងសង្គម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។
គំរោង Keystone XL និង Dakota Access ត្រូវបានផ្អាកម្ដងរួចមកហើយដោយរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ដោយសារតែមានការតវ៉ាពីក្រុមអង្គការការពារបរិស្ថាន និងប្រជាជននៅក្នុងតំបន់។ Keystone XL គឺជាគំរោងសាងសង់បំពង់បង្ហូរប្រេងតភ្ជាប់ពីតំបន់ Alberta ស្ថិតនៅភាគខាងលិចប្រទេសកាណាដាឆ្ពោះមកកាន់ឈូងសមុទ្រម៉ិចស៊ិក ដែលមានប្រវែង ១,៨៩៧គីឡូម៉ែត្រក្នុងនោះ ១,៤០០គីឡូម៉ែត្រឆ្លងកាត់សហរដ្ឋអាមេរិក និងត្រូវចំណាយប្រាក់០៨ពាន់លានដុល្លារលើគំរោងនេះ។
ចំណែកឯ Dakota Access គឺជាគំរោងបំពង់បង្ហូរប្រេងដែលលាតសន្ធឹងលើរដ្ឋចំនួន០៤នៃភាគខាងជើងសហរដ្ឋអាមេរិក និងមានប្រវែងជាង ១,៩០០គីឡូម៉ែត្រ ហើយបំពង់បង្ហូរប្រេងនេះមានគោលដៅដឹកជញ្ជូនប្រេងពីរដ្ឋ North Dakota ឆ្ពោះទៅកាន់រដ្ឋ Illinois ដោយត្រូវចំណាយប្រាក់ ៣,៨ពាន់លានដុល្លារ។
គួរបញ្ជាក់ថាក្រុមអង្គការការពារបរិស្ថាន និងប្រជាជននៅក្នុងតំបន់ធ្លាប់បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ា និងប៉ះទង្គិចគ្នាជាមួយអាជ្ញាធរអាមេរិក ពីព្រោះពួកគេយល់ថាគំរោងទាំងពីរនេះនឹងបង្កជាផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន៕