(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង បានចាត់ទុកថា ការទទួលបានពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ» (IOC President’s Trophy) របស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ គឺជាជោគជ័យរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
លោក សុខ ឥសាន បានថ្លែងឱ្យដឹងថា «នេះគឺជាជោគជ័យថ្មីមួយទៀតរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជា ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលជាមោទនភាពជាតិដ៏ធំធេងកេីតទ្បេីងពីការខិតខំពុះពារគ្រប់ឧបសគ្គដេីម្បីបុព្វហេតុជាតិនិងប្រជាជន ដែលជាវប្បធម៌ប្រពៃណីយ៏របស់គណៈបក្សប្រជាជនកម្ពុជាតាំងពីដេីមរៀងមក»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គណៈកម្មាធិការអូទ្បាំពិកអន្តរជាតិ ប្រកាសផ្តល់ជូននូវពានរង្វាន់ប្រធានគណៈកម្មាធិការអូទ្បាំពិកអន្តរជាតិ IOC PRESIDENT's TROPHY បន្ទាប់ពីវាយតម្លៃឃើញថា សម្តេចមានគុណសម្បត្តិ ខិតខំប្រឹងប្រែងឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឈន៍វិស័យកីទ្បានៅកម្ពុជានិងចលនាអូទ្បាំពិក ឆ្ពោះទៅរកការកសាងពិភពលោកមួយ ប្រកបដោយសន្តិភាពនិងល្អប្រសេីរ។
ពិធីប្រគល់ពានរង្វាន់នេះជាផ្លូវការ នឹងចាប់ផ្តើមធ្វើឡើងនៅរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព ដោយមានតំណាងគណៈកម្មាធិការអូទ្បាំពិកអន្តរជាតិ មន្រ្តីជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធជាច្រើនចូលរួមដែរ។
លោក សុខ ឥសាន បានលើកឡើងថា នេះក៏ជាមោទភាពមួយរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមេដឹកនាំគណបក្សផ្សេងមិនអាចប្រៀបបានផងដែរ។ លោកថា «នេះក៏បង្ហាញឲ្យឃេីញនូវគុណសម្ប្តត្តិថ្មីមួយទៀតរបស់មេដឹកនាំគណៈបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាល ដែលជានិច្ចជាកាលតែងតែគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជន ដែលគ្មានគណបក្សណាផ្សេង មកប្រៀបប្រដូចបានទ្បេីយ»។
ពានរង្វាន់ «IOC President’s Trophy» គឺជាពានដ៏អស្ចារ្យ និងកម្រ មានកីឡាករ-កីឡាការិនី និងថ្នាក់ដឹកនាំរូបណាឈ្នះឡើយ ក្នុងចំណោមពានទាំង៥ របស់ស្ថាប័នដែលគ្រប់គ្រងកីឡាទាំងអស់នៅលើសកលលោកមួយនេះរួមមានពាន Pierre de Coubertin, ពាន Olympic Cup, ពាន Olympic Order និងពាន Olympic Laurel។
ពាន IOC President’s Trophy នេះ អតីតប្រមុខដឹកនាំអង្គការសហប្រជាជាតិ (UN) លោក បាន គីមូន ក៏ធ្លាប់ទទួលម្តងដែរកាលពីខែតុលា ឆ្នាំ២០១៥ ក្នុងអំឡុងសមាជប្រចាំឆ្នាំរបស់ IOC ស្ថិតក្នុងទីក្រុង New York សហរដ្ឋអាមេរិក ដោយធ្វើការប្រគល់ដោយលោកប្រធាន IOC លោក Thomas Bach តែម្តង។ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ លោក Thomas Bach ក៏បានធ្វើការប្រគល់ពាននេះទៅឲ្យលោក Bruno Grandi ប្រធានសហព័ន្ធកីឡា កាយសម្ព័ន្ធអន្តរជាតិ។
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៤ កីឡាករជិះទូកក្តោងដ៏ល្បីរបស់ប្រទេសបារាំង បានទទួលពាន IOC President’s Trophy ម្តងដែរ បន្ថែមលើមេដាយមាស ដែលរូបគេឈ្នះក្នុងឱកាសប្រកួតជើងឯកជិះទូកក្តោងប្រចាំឆ្នាំ២០១៤ មុន២ខែ ម្ចាស់មេដាយមាស កីឡារត់ពាក់កណ្តាលម៉ារ៉ាតុង ៣សម័យកាល Dario Cologna ជនជាតិស្វីសធ្លាប់បានម្តងដែរ កាលពីចុងឆ្នាំ២០១៤ ក្រៅពីស្តេចរត់លឿនជាងគេលោក Usain Bolt ជនជាតិចាម៉ៃកា ធ្លាប់បានទទួលម្តងកាលពីអំឡុង Rio 2016 នៅប្រទេសប្រេស៊ីល៕