(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងទទួលបានពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ» (IOC President’s Trophy) ជាផ្លូវការ។ ពិធីទទួលពានរង្វាន់នេះ នឹងធ្វើឡើងនៅវេលាម៉ោង៣៖០០រសៀល នៅវិមានសន្តិភាព។
លោក សឺ មៀង (Ser Miang) សមាជិកប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដែលត្រូវបានលោក Thomas Mach ចាត់តាំងនោះ បានយកពាន ប្រធានគណៈកម្មាធិការអន្តរជាតិ បានធ្វើដំណើរមកដល់កម្ពុជាហើយនាល្ងាចថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧ម្សិលមិញ ត្រៀមប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះនាវិមានសន្តិភាព។
ពានរង្វាន់ «IOC President’s Trophy» គឺជាពានដ៏អស្ចារ្យ និងកម្រ មានកីឡាករ-កីឡាការិនី និងថ្នាក់ដឹកនាំរូបណាឈ្នះឡើយ ក្នុងចំណោមពានទាំង៥ របស់ស្ថាប័នដែលគ្រប់គ្រងកីឡាទាំងអស់នៅលើសកលលោកមួយនេះរួមមានពាន Pierre de Coubertin, ពាន Olympic Cup, ពាន Olympic Order និងពាន Olympic Laurel។
ពាន IOC President’s Trophy នោះដែរ អតីតប្រមុខដឹកនាំអង្គការសហប្រជាជាតិ (UN) លោក បាន គីមូន ក៏ធ្លាប់ទទួលម្តងដែរកាលពីខែតុលា ឆ្នាំ២០១៥ ក្នុងអំឡុងសមាជប្រចាំឆ្នាំរបស់ IOC ស្ថិតក្នុងទីក្រុង New York សហរដ្ឋអាមេរិក ដោយធ្វើការប្រគល់ដោយលោកប្រធាន IOC លោក Thomas Bach តែម្តង។ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ លោក Thomas Bach ក៏បានធ្វើការប្រគល់ពាននេះទៅឲ្យលោក Bruno Grandi ប្រធានសហព័ន្ធកីឡា កាយសម្ព័ន្ធអន្តរជាតិ។
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៤ កីឡាករជិះទូកក្តោងដ៏ល្បីរបស់ប្រទេសបារាំង បានទទួលពាន IOC President’s Trophy ម្តងដែរ បន្ថែមលើមេដាយមាស ដែលរូបគេឈ្នះក្នុងឱកាសប្រកួតជើងឯកជិះទូកក្តោងប្រចាំឆ្នាំ២០១៤ មុន២ខែ ម្ចាស់មេដាយមាស កីឡារត់ពាក់កណ្តាលម៉ារ៉ាតុង ៣សម័យកាល Dario Cologna ជនជាតិស្វីសធ្លាប់បានម្តងដែរ កាលពីចុងឆ្នាំ២០១៤ ក្រៅពីស្តេចរត់លឿនជាងគេលោក Usain Bolt ជនជាតិចាម៉ៃកា ធ្លាប់បានទទួលម្តងកាលពីអំឡុង Rio 2016 នៅប្រទេសប្រេស៊ីល៕