(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើននាក់ តំណាងឲ្យជាង៧០គ្រួសារ រស់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បានលើកគ្នាទៅតវ៉ា ហើយទប់ស្កាត់ការប្រើគ្រឿងចក្រ អាប៊ុល ទៅឈូសឆាយ និងចាក់លុបលើដីមួយកន្លែងដែលកំពុងមានទំនាស់ រាប់ឆ្នាំដោះស្រាយមិនទាន់ចេញ ស្ថិតនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ។
ការផ្ទុះតវ៉ារហូតលើកគ្នាទៅឃាត់គ្រឿងចក្រកាយដី និងលុបដីទាំងនេះ បានកើតឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីភាគីមួយដែលគេមិនស្គាល់អត្តសញ្ញាណឲ្យច្បាស់ បានជួលក្រុមកម្មករយកគ្រឿងចក្រ ទៅចាក់ដីលុប ដែលសកម្មភាពទាំងនេះ បានបំពានលើដីរបស់ប្រជាពលរដ្ឋទាំងជាង៧០គ្រួសារ ហើយដោះស្រាយមិនទាន់ចេញ តាំងពីយូរមកហើយ។
លោក សុខ ទ្រី តំណាងប្រជាពលរដ្ឋបានប្រាប់ក្រុមអ្នកកាសែតថា បញ្ហាទំនាស់ដីធ្លីមួយនេះ បានកើតឡើងយូរឆ្នាំមកហើយ រវាងភាគីប្រជាពលរដ្ឋ ជាង៧០គ្រួសារជាមួយភាគីម្ខាងទៀត មិនស្គាល់ឈ្មោះនោះទេ តែគ្រាន់តែដឹងថាជាអ្នកមាន រហូតធ្លាក់ទៅដល់ដៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីទៀតផង។
លោកបានបន្តទៀតថា ខណ:ការដោះស្រាយមិនទាន់បានបញ្ចប់ផង ស្រាប់តែភាគីនោះ បានឲ្យក្រុមកម្មកររបស់គេ យកអាប៊ុល គ្រឿងចក្រ មកឈូសឆាយ និងចាក់ដីលុបចង់យកទៅធ្វើជាកម្មសិទ្ធផ្តាច់មុខទៅវិញ។
ដោយសារតែសកម្មភាពបំពាននេះហើយ ទើបក្រុមប្រជាពលរដ្ឋជាម្ចាស់ដីទាំងនេះ បានលើកគ្នាទៅទប់ស្កាត់ភ្លាម ហើយពេលចុះទៅនោះ ខាងក្រុមកម្មកររបស់គ្រឿងចក្រ បានផ្អាកសកម្មភាពហើយរត់គេចចេញ ព្រមទាំងមានការជួយអន្តរាគន៍ពីអាជ្ញាធរ និងមន្រ្តីជំនាញផងដែរ។
ជុំវិញបញ្ហានេះ លោក សុខ សម្បត្តិ ចៅសង្កាត់គីឡូម៉ត្រលេខ៦ បានឲ្យដឹងថា រឿងរ៉ាវនេះលោកបានដឹងដែរ ប៉ុន្តែការសម្រេចយ៉ាងណានោះ គឺលើអាស្រ័យថ្នាក់ដឹកនាំខណ្ឌ។
ដោយឡែកលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ក៏បានបញ្ជាក់ថា បញ្ហានេះកំពុងស្ថិតនៅក្នុងដៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដូច្នេះពុំមានភាគីណាមួយអាចទៅឈូសឆាយ ធ្វើសំណង់ និងចាក់លុបបាននោះទេ។
សម្រាប់ប្រជាពលរដ្ឋវិញ សូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធជួយពន្លឿនដោះស្រាយបញ្ហាដីធ្លីនេះផង កុំបណ្តែតបណ្តោយយូរពេក៕