(ភ្នំពេញ)៖ គណៈកម្មការចម្រុះព្រំដែនកម្ពុជា និងឡាវ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ នឹងបើកកិច្ចប្រជុំវិសាមញ្ញជាមួយគ្នា ដើម្បីពិភាក្សាលើកិច្ចការព្រំដែន រវាងប្រទេសទាំងពីរ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្រ្តី វេលាម៉ោង៩៖០០ព្រឹក។

កិច្ចប្រជុំទ្វេភាគីនេះ ធ្វើឡើងក្រោមវត្តមានលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និង លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យឡាវ។

បើតាម លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មការធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានឱ្យដឹងថា កម្ពុជា-ឡាវ មានព្រំដែនជាប់គ្នាប្រវែង «៥៤០គីឡូម៉ែត្រ» ដែលត្រូវបោះបង្គោលព្រំដែនប្រមាណ ១៤៥បង្គោល។ រហូតដល់ពេលនេះ ភាគីទាំងពីរបានបោះសម្រេចចំនួន ១២១បង្គោលហើយ ស្មើនឹង៨៣ភាគរយ នៅសល់ប្រមាណ ២៤បង្គោលទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី​ឡាវ ក៏បានលើកឡើងអំពីការជំរុញការងារបោះបង្គោលព្រំដែនរួមនេះផងដែរ ក្នុងឱកាសអញ្ជើញ​ជាអធិបតីភាពរួមគ្នា ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់​ជាផ្លូវការ ​នូវអគារ​ទីស្នាក់ការត្រួត​ពិនិត្យច្រក​ទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន កាលពីនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ កន្លងទៅ។

ដោយឡែក នៅថ្ងៃទី២៤ ខែមករា ម្សិលម៉ិញ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងនៅចំពោះមុខ លោក សាលើមសៃ គុំម៉ាស៊ីត ដោយបានណែនាំឲ្យក្រុមការងារកម្ពុជា-ឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការការងារ រវាងប្រទេសទាំងពីរ​ឲ្យកាន់តែល្អប្រសើរ ហើយជំរុញការងារ​ដែលនៅសេសសល់ទាំងប៉ុន្មាន ​ឲ្យសម្រេច​បានជោគជ័យ៕