(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្ត២គ្រឿងបានបើកបុកគ្នាពីក្រោយ បណ្តាលឲ្យរងការខូចខាតរៀងៗខ្លួន តែម្ចាស់រថយន្តទាំង២ មិនព្រមដោះស្រាយគ្នា តាមសម្រួលទេបែរ ជាបង្កជាជម្លោះ ឈ្លោះទាស់សំដីគ្នាផ្អើល មនុស្សម្នាចោមរោមមើល។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៩៖០០នាទី យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១០ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត Land Cruiser​ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-5857 ជិះដោយប្តីប្រពន្ធ២នាក់ ដែលបើកបរដោយបុរសជាប្តី បានធ្វើដំណើរតាមបណ្តោយផ្លូវ៣១០ ក្នុងទិសដៅពីលិចទៅកើត ស្របទិសគ្នាជាមួយរថយន្ត Lexus 470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2P-4037 ជិះដោយប្តីប្រពន្ធ២នាក់ដែរ បានបើកបរឆ្លងស្តុប ដោយរថយន្ត Land Cruiser ស៊េរីទំនើបបើកបរនៅខាងមុខ រថយន្ត Lexus 470 ខណៈមកដល់ចំណុចកើតហេតុ រថយន្ត Lexus 470 ព្យាយាមបើកវ៉ារថយន្ត Land Cruiser បន្ទាប់មករថយន្ត Lexus 470 មិនដឹងជាយ៉ាងម៉េច ក៏បានជាន់ហ្វ្រាំង បណ្តាលឲ្យរថយន្ត Land Cruiser បុកគូថពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២ រងការខូចខាតរៀងៗខ្លួន។

ប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីបុកបណ្តាលឲ្យខូចរថយន្តហើយ ម្ចាស់រថយន្តទាំង២ មិនបានដោះស្រាយសងគ្នានោះទេ បែរជាប្រកែកគ្នារកខុសរកត្រូវរៀងៗខ្លួន ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះមកអន្តរាគមន៌ បន្ទាប់ពីសមត្ថកិច្ចអន្តរាគមន៌រួច មកខាងរថយន្ត Lexus 470 ក៏ព្រមសងថ្លៃខូចខាតទៅម្ចាស់រថយន្ត Land Cruiser ដើម្បីបញ្ចប់រឿង។ ប៉ុន្តែភាគីខាងម្ចាស់រថយន្ត Land Cruiser មិនព្រមក៏ឲ្យម្ចាស់រថយន្ត Lexus 470 យករថយន្តរបស់ខ្លួនទៅ៕