(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែល​មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ជូនដល់ស្ត្រីគ្មានទីពឹង ឈ្មោះ ច័ន្ទ ហេង (ហៅប៉ោង) អាយុ៥៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ៣ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដែលកំពុងត្រូវការថវិកា​ ដើម្បីយកមកព្យាបាលជំងឺមហារីកបំពង់កឡើងវិញ បន្ទាប់ពីបានវះកាត់រួចអស់រយៈពេល៤ឆ្នាំកន្លងមក​។

ក្នុងឱកាសប្រគល់អំណោយនោះ លោកស្រី​ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា​ ហើយតាមរយះនេះ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ បានផ្តាំផ្ញើដល់អ្នកជំងឺ ដោយមិនត្រូវអស់សង្ឃឹម ឬបាក់ទឹកចិត្ត ត្រូវយកចិត្តទុកដាក់ទទួលការព្យាបាលពីក្រុមគ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយឡើងវិញ។

ក្រោយពីទទួលបានការឧបត្ថម្ភនូវគ្រឿងឧបភោគ​ បរិភោគ​ និងថវិកាមួយចំនួន​ រួចមកអ្នកស្រី ច័ន្ទ ហេង បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលមានទឹកចិត្តសណ្តោសប្រណីដល់អ្នករងគ្រោះទាំងឡាយ ជាពិសេស អ្នកជំងឺគ្មានទីពឹងជួបការលំបាកដូចជារូបអ្នកស្រី​ អញ្ចឹង​៕