Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូល រកឃើញកន្លែងផលិតសរសៃគុយទាវ មានលាយសារធាតុ BORAX នៅក្រុងសែនមនោរម្យ

24-01-2017 21:43

(មណ្ឌលគិរី)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ បានសហការជាមួយមន្ទីរ ពាណិជ្ជកម្ម នគរបាលសេដ្ឋកិច្ច អាជ្ញាធរដែនដី ចុះត្រួតពិនិត្យ រកទំនិញខូចគុណភាព តាមផ្ទះនានានិងផ្សារ ក្រុងសែនមនោរម្យ និងបានធ្វើតេស្តរកសារធាតុគីមី ( BORAX ) នៅក្នុងត្រីងៀត នំបញ្ចុក លត ប្រហិតគ្រប់មុខតែលទ្ធផល មិនមានទេ ម្ហូបអាហារទាំងអស់។

លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រុមការងាររបស់លោក បានធ្វើការត្រួតពិនិត្យ តាមផ្ទះលក់ ទំនិញនានានិងនៅក្នុងផ្សារសែនមនោរម្យ ហើយរកឃើញ សរសៃ គុយទាវ មានលាយសារធាតុ BORAX និងបានធ្វើការអប់រំនិងដកហូត យកទៅដុតកម្ទេចចោល។

លោក ចាន់ វាសនា បានបន្តថា ក្រោយពីរកឃើញសរសៃគុយទាវ មានសារធាតុ BORAX ដាក់លក់ នៅផ្សារក្រុង សែនមនោរម្យរួចម ក្រុមការងារក៏បានសហការជាមួយមន្ទីរឧស្សាហរកម្មនិងសិប្បកម្មចុះទៅដល់ទីតាំង ផលិតសរសៃ គុយទាវ ហើយបានពន្យល់ពីផលប៉ះពាល់នៃសារធាតុ BORAX ដែល នាំឲ្យខូចសុខភាពនិងបានធ្វើកិច្ចសន្យា ឈប់ឲ្យប្រើប្រាស់សារធាតុ BORAXបន្តទៀត។

ទន្ទឹមនឹងនេះក្រុមការងាររបស់លោក បានធ្វើការណែនាំដល់អាជីវករឲ្យចៀសវៀង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផល ម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំអាជីវករឲ្យ យល់ដឹងពីអនាម័យនិងការរៀបចំ ទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា។

 ក្រុមការងារក៏ បានធ្វើការណែនាំអាជីវករឲ្យមានការប្រុងប្រយ័ត្ន ចៀសវាងនូវការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទ ប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមីហាមឃាត់។

 ក្រុមការងារក៏បានបិទរូបភាព ដែលរៀបចំដោយអគ្គនាយកដ្ឋាន កាំកុងត្រូល ស្តីពី សូមពិចារណាមុននឹងជ្រើសរើស ផលិតផលម្ហូបអាហារ មួយមកបរិភោគ ជូនដល់អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងពីរូបភាព ជាបឋមនូវមុខទំនិញណាមួយគួរប្រើប្រាស់និងមុខ ទំនិញណាមិនគួរប្រើប្រាស់៕