(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានបញ្ជាពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការណែនាំពី លោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ អធិការខណ្ឌដូនពេញ បានដឹកនាំកម្លាំងនគរបាលខណ្ឌ ចុះបង្ក្រាបមេក្លោងចែកចាយថ្នាំញៀនមួយកន្លែង ដោយដកហូតបានថ្នាំជាង១២០កញ្ចប់។ ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុចផ្លូវលេខ១៤៨ កែងលេខ៥ ស្ថិតក្នុងភូមិ៥ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ។
លោក ហួត ចាន់យ៉ារ៉ាន់ អធិការខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យមេក្លោងដែលឃាត់នេះ ទី១៖ឈ្មោះ សុខ ចាន់ អាយុ៤០ឆ្នាំ និងទី២៖ឈ្មោះ សុខ ម៉ក់ អាយុ២៨ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។
ក្រោយឃាត់ខ្លួនកម្លាំងនគរបាលជំនាញ រឹបអូសបានថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន១២០កញ្ចប់ និងវត្ថុតាង លុយមួយចំនួនទៀតផងដែរ។
ក្រៅពីបង្ក្រាបមេក្លោងជួញដូរនេះ កម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ផ្សេងទៀតផងដែរ នៅចំណុចកាប៊ីនភ្លើង ផ្លូវរថភ្លើងលេខអ៊ែរ៦ ស្ថិតក្នុងភូមិ២ សង្កាត់ស្រះចក ដោយជនសង្ស័យ២នាក់ ទី១៖ ឈ្មោះ ម៉េត ស្រីពៅ ភេទស្រី អាយុ១៨ឆ្នាំ និងទី២៖ឈ្មោះ ចាន់ សោភា ភេទស្រី អាយុ១៦ឆ្នាំ ក្នុងនោះជំនាញដកហូតបាន ២កញ្ចប់ធំ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំងអស់នេះ ត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕