(ភ្នំពេញ)៖ បន្ទាប់ពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចេញលិខិតបង្គាប់ឱ្យស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ បញ្ឈប់ជួលម៉ោងឱ្យវិទ្យុ ABC, នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ជុំវិញបញ្ហានេះលោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងជាទីប្រឹក្សា ជាន់ខ្ពស់របស់ស្ថានីយទូរទស្សន៍ដ៏ល្បីនៅកម្ពុជា CTN, CNC, MyTV បានសម្តែងការគាំទ្រចំពោះចំណាត់ការដ៏ក្តៅគគុករបស់រដ្ឋមន្រ្តី ក្រសួងព័ត៌មានទៅលើវិទ្យុមួយនេះ។
លោក ហ៊ុយ វណ្ណៈ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃអង្គារនេះយ៉ាងដូច្នេះថា «ពិតជាមានការយល់ច្រឡំដោយខុសឆ្គង រវាងតួនាទីអ្នកសារព័ត៌មាន និងអ្នកបម្រើការងារក្នុងឧស្សាហកម្មផ្សព្វផ្សាយ។ អ្នកសារព័ត៌មាន និងអ្នកឃោសនាលក់ទឹកផ្លែឈើ «គឺខុសគ្នាដាច់ស្រឡះ»។ មិនមែនអ្នកធ្វើការទាំងអស់នៅក្នុងវិទ្យុ និងទូរទស្សន៍ គឺសុទ្ធតែជាអ្នកសារព័ត៌មាន ដែលបានហ្វឹកហ្វឺន និងចេះដឹងក្រឹត្យក្រមសីលធម៌វិជ្ជាជីវ:សារព័ត៌មាននោះទេ។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដដែលរូបនោះ បានបន្តបញ្ជាក់យ៉ាងដូច្នេះទៀតថា៖ «ដោយសារមានការយល់ច្រឡំតួនាទីនេះហើយ ទើបបានមួយរយ:នេះ ច្របូកច្របល់ប៉ាតណាប៉ាតណីគ្មានសណ្តាប់ធ្នាប់ ហើយវាទៅជាចេញត្លុកពេញ វិទ្យុ ទូរទស្សន៍ អស់ទៅ។ គ្រប់គ្នាបើមិនទាន់ដឹងត្រូវចេះស្តាប់រៀមច្បង។ កុំដើរចាក់ថ្នាំពេញភូមិ ពេលខ្លួនមិនបានឆ្លងកាត់ការបណ្តុះបណ្តាលសាលាពេទ្យ។ គ្រោះថ្នាក់ណាស់។ បើអ្នកណាធ្វើអីក៏បាន ចាំបាច់មានសាលារៀនធ្វើអី!?»។
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញលិខិតមួយដោយបង្គាប់ឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៣ ឈប់ជួលម៉ោងឱ្យវិទ្យុ ABC បន្ទាប់ពីកម្មវិធីចម្រុះ ABC 3 Spring ដែលបានប្រព្រឹត្តិនូវអំពើពុំគួរគប្បី ដោយសម្តែងកាយវិការមិនសមរម្យ ការប្រើពាក្យសម្តីខ្វះសីលធម៌ វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន និងបានប្រមាថមើលងាយអ្នកស្តាប់ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពិធីករ ពិធីការិនីផ្សេងទៀត។
នៅក្នុងលិខិតនោះ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា «កន្លងមកក្រសួងព័ត៌មាន បានឯកភាពអនុញ្ញាតឱ្យឯកឧត្តមធ្វើកិច្ចសហការជាមួយស្ថានីយវិទ្យុ ABC កម្ពុជា FM 107.50MHz ក្នុងការផលិតកម្មវិធីចម្រុះដើម្បីធ្វើការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ រយៈពេល ៣ម៉ោងក្នុងមួយថ្ងៃ ចាប់ពីម៉ោង ០៦៖០០នាទី ដល់ម៉ោង ៩៖០០នាទីព្រឹក ។ ប៉ុន្តែបន្ទាប់ពីដំណើការកម្មវិធីនេះមួយរយៈខ្លីមក ធ្វើឱ្យមហាជនជាច្រើនធ្វើការរិះគន់ទៅលើពិធីករ ពិធីការិនី កម្មវិធីចម្រុះ ABC 3 Spring ដែលបានប្រព្រឹត្តិនូវអំពើពុំគួរគប្បី ដោយសម្តែងកាយវិការមិនសមរម្យ ការប្រើពាក្យសម្តីខ្វះសីលធម៌ វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន និងបានប្រមាថមើលងាយអ្នកស្តាប់ ក៏ដូចជាទស្សនិកជនក្នុងពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពិធីករ ពិធីការិនីផ្សេងទៀត»។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីបញ្ចប់នូវប្រតិកម្មពីសំណាក់មហាជន និងភាពអសកម្មទាំងឡាយ ដែលបានកើតឡើងជាបន្តបន្ទាប់មកនេះ ក្រសួងព័ត៌មាន តម្រូវឱ្យបញ្ឈប់កិច្ចសហការផលិតកម្មវិធីផ្សាយរវាងស្ថានីយវិទ្យុ ទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ ជាមួយស្ថានីយវិទ្យុ ABC កម្ពុជា FM 107.50 MHz ជាបន្ទាន់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕