សម្តេច សាយ ឈុំ ចុះសួរសុខទុក្ខពលរដ្ឋក្នុងសង្កាត់បាក់ខែង, ពលរដ្ឋសប្បាយចិត្តព្រោះបានរស់នៅក្នុងសន្តិភាព
24-01-2017 19:10
(ភ្នំពេញ)៖ ក្នុងពេលជួបជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ បានសម្ដែងនូវក្ដីសប្បាយរីករាយយ៉ាងខ្លាំង ព្រោះបានរស់នៅកសាងជីវភាពរីកចម្រើន ក្នុងលំហសន្តិភាព ស្ថិរភាព ក្រោមការដឹកនាំ និងការពាររបស់រាជរដ្ឋាភិបាលកម្ពុជា។
ភាពស្និទ្ធស្នាលនេះ ត្រូវបានផុសចេញឡើងក្នុងឱកាស សម្ដេច សាយ ឈុំ ចុះជួបសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរ ក្នុងសង្កាត់បាក់ខែង ដើម្បីស្ដាប់នូវការលើកឡើងរបស់ប្រជាពលរដ្ឋ អំពីការប្រកបរបររកទទួលទាន របស់ប្រជាពលរដ្ឋ ព្រមទាំងបានចូលរួមពិសាអាហារពេលព្រឹកជាមួយគ្នាផងដែរ។
សម្តេចបានរំលឹកប្រាប់ដល់ប្រជាពលរដ្ឋ អំពីការតស៊ូរបស់សម្តេច កាលពីសម័យសង្គ្រាម និងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត រហូតសម្តេចបានប្រែក្លាយមកដល់បច្ចុប្បន្ន ដោយមានការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ដោយទឹកមុខប្រកបដោយស្នាមញញឹម នៅចំពោះមុខសម្ដេច សាយ ឈុំ ប្រជាពលរដ្ឋទាំងនោះ បានទទួលយកនូវការណែនាំល្អៗពីសម្តេច និងបានថ្លែងអំណរគុណដល់សម្តេច និងថ្នាក់ដឹកនាំគ្រប់ថ្នាក់ ដែលបានដឹកនាំឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍរីកចម្រើនតាំងពីបាតដៃទទេរ រហូតដល់បច្ចុប្បន្ន៕