(ភ្នំពេញ)៖ ក្រោយបញ្ចប់ការសាកសួរពេញមួយថ្ងៃ នៅល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ លោកស្រី ស៊ន ស៊ីណា ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ឲ្យឆ្មាំពន្ធនាគារ បញ្ជូនខ្លួន ឧកញ៉ា ពិរុទ្ធជន ប៊ុន ស៊ីថា ទៅពន្ធនារគារវិញ។
យ៉ាងណាមិញ ប្រភពពីមន្ដ្រីតុលាការ បានបង្ហើបថា ចំពោះលុយដែលពិរុទ្ធជន ប៊ុន ស៊ីថា បានជំពាក់ម្ចាស់បំណុលរហូតដល់ ៩០ម៉ឺនដុល្លារនោះ ពិរុទ្ធជនរូបនេះ មិនមានលទ្ធភាពក្នុងការសង់នោះទេ។
សូមបញ្ជាក់ថា លោកឧកញ៉ា ប៊ុន ស៊ីថា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ហើយត្រូវបានលោក ហេង សុខណា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ណោះអាសន្ននៅពន្ធនាគារព្រៃស ម១ កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ពាក់ព័ន្ធក្នុងរឿងឆបោក និងរំលោភទំនុកចិត្ត ដែលមានទឹកប្រាក់ប្រមាណជា ៩០ម៉ឺនដុល្លារ៕