(ភ្នំពេញ)៖ ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars គឺជាក្រុមហ៊ុនផ្សេងគ្នាទាំងស្រុងពីក្រុមហ៊ុន Rolls-Royce plc, ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុនBMW Group, ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars មិនមានជាប់ពាក់ព័ន្ធទាល់តែសោះឡើយ ក្នុងបញ្ហាដែលទាក់ទិននឹងការចោទប្រកាន់ ពីរឿងសំណូក និងការចេញសំណងផ្លូវច្បាប់ដោយក្រុមហ៊ុនRolls-Royce plc។
ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars ទើបតែប្រកាសអំពីរបាយការណ៍លក់រថយន្ត ក្នុងចំនួនយ៉ាងច្រើនបំផុតលំដាប់ទីពីរក្នុងប្រវត្តិសាស្ត្រ ១១៣ ឆ្នាំរបស់ម៉ាកយីហោរថយន្តនេះ ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars ចេញសេចក្តីប្រកាសព័ត៌មាននេះ ដើម្បីបំភ្លឺជុំវិញការភាន់ច្រឡំ និងការរាយការណ៍ព័ត៌មានខុស ដែលបានកើតឡើងក្នុងចំណោមសារព័ត៌មានមួយចំនួនជុំវិញពិភពលោក បន្ទាប់ពីមានការចេញសេចក្តីប្រកាស កាលពីពេលថ្មីៗ ដោយក្រុមហ៊ុន Rolls-Royce plc ។
ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars ជាក្រុមហ៊ុនផ្សេងគ្នាទាំងស្រុងពីក្រុមហ៊ុន Rolls-Royce plc ដែលក្រុមហ៊ុននេះផលិតប្រព័ន្ធថាមពល សម្រាប់អាកាសយាន នាវា និងបរិក្ខាប្រើប្រាស់នៅលើដី ហើយRolls-Royce Motor Cars ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលគ្រប់គ្រងទាំងស្រុង ដោយក្រុមហ៊ុនBMW Group (ទីក្រុងមុយនិច) ដែលមានមូលដ្ឋាននៅឯ Goodwood ជិតក្រុង Chichester ក្នុងខេត្ត West Sussex ចក្រភពអង់គ្លេស ។ ក្រុមហ៊ុន Rolls-Royce Motor Cars បានចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០៣ នៅឯរោងចក្រផលិតរថយន្តថ្មី សម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពពលោក ហើយផលិត និងលក់រថយន្តកំពូលមហាប្រណីតរបស់ពិភពលោក ដែលមានម៉ូដែល Phantom, Ghost, Wraith និង Dawn ។
ក្នុងនាមជាក្រុមហ៊ុនផ្សេងគ្នា ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars មិនមានជាប់ពាក់ព័ន្ធទាល់តែសោះឡើយ នៅក្នុងបញ្ហាដែលទាក់ទិន នឹងការចោទប្រកាន់ ជុំវិញករណីស៊ីសំណូក និងការចេញសំណងផ្លូវច្បាប់ដោយក្រុមហ៊ុន Rolls-Royce plc ជាមួយនឹងអាជ្ញាធរស្ថិតក្នុងដែនសមត្ថកិច្ចផ្សេងៗ ដូចជានៅចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងប្រេស៊ីលជាដើម ។
កាលពីពេលថ្មីៗ ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars បានប្រកាសពីរបាយការណ៍លក់រថយន្តសម្រាប់ឆ្នាំ ២០១៦ ដែលលក់បានចំនួនច្រើនបំផុត លំដាប់ទីពីរ នៅក្នុងប្រវត្តិសាស្ត្ររយៈពេល១១៣ឆ្នាំរបស់ម៉ាកយីហោរថយន្តនេះ ដោយបានកើនឡើង ៦% បើធៀបនឹងឆ្នាំ ២០១៥ ។ ក្នុងនោះ រថយន្តសរុបចំនួន ៤,០១១ គ្រឿង ត្រូវបានប្រគល់ជូនអតិថិជនរស់នៅជាង ៥០ប្រទេស ដែលនេះសបញ្ជាក់ឲ្យឃើញពីភាពរឹងមាំរបស់ម៉ាកយីហោរថយន្តនេះ បើទោះបីជាស្ថិតក្នុងឆ្នាំដ៏លំបាកក្តី សម្រាប់ទីផ្សារទំនិញប្រណីតទូទាំងពិភពលោក ៕