(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ដោយសារសក្តានុពលវិស័យកសិកម្មនៅកម្ពុជា មានការរីកចម្រើន អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសបាននិងកំពុងដាក់ទុនវិនិយោគជាច្រើនក្នុងផ្នែកផលិតកម្ម ការកែច្នៃកសិផល កសិ-ឧស្សហកម្ម កសិ-ពាណិជ្ជកម្ម រួមទាំងការលើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្ម។
លោក វេង សាខុន សង្ឃឹមថា វិនិយោគិនអាចទទួលបានអត្ថប្រយោជន៍ច្រើនពីការចូលរួមការវិនិយោគលើវិស័យ កសិ-ឧស្សហកម្ម និង វិស័យសេដ្ឋកិច្ចសក្តានុពលរបស់កម្ពុជា ដែលជាប្រទេសបើកចំហ និងមានកម្លាំងពលកម្មវ័យក្មេង។
លោករដ្ឋមន្រ្តី វេង សាខុន បានលើកឡើងបែបនេះពេលអញ្ជើញចូលរួមនៅក្នុងកិច្ចសន្ទនាទ្វេភាគីកម្ពុជា-ជប៉ុន ស្តីពី «ខ្សែសង្វាក់តម្លៃស្បៀង» ជាមួយថ្នាក់ដឹកនាំភាគីជប៉ុន រៀបចំធ្វើឡើងនៅសណ្ឋាគារកាំប៊ូឌីយ៉ាណា រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ។
បន្ថែមពិលើនេះ រដ្ឋមន្រ្តី វេង សាខុន បានអរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន ដែលបានជួយឧបត្ថម្ភការគាំទ្រដល់ការរៀបចំកិច្ចសន្ទនាទ្វេភាគីកម្ពុជា-ជប៉ុន ព្រមទាំងបានអញ្ជើញក្រុមហ៊ុនឯកជនជប៉ុន ដើម្បីចូលរួម និង ពិភាក្សាចែករំលែកអំពីការវិនិយោគលើខ្សែសង្វាក់ផលិតកម្មស្បៀង ដ៏មានសារៈសំខាន់នេះ។ កិច្ចសន្ទនាខាងលើនេះនឹងជួយពង្រឹងសមត្ថភាពប្រទេសកម្ពុជា ធានាបាននូវសុខសន្តិភាព ស្ថេរភាព កំណើនសេដ្ឋកិច្ច និងការរីកចម្រើនលើគ្រប់វិស័យ។
ជាមួយគ្នានោះដែរ លោករដ្ឋមន្រ្តី វេង សាខុន សង្ឃឹមថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន នឹងមានវត្តមានជាថ្មីនៅកម្ពុជា ក្នុងការរៀបចំកម្មវិធីកិច្ចសន្ទនាទ្វេភាគីកម្ពុជា-ជប៉ុនជាលើកទី២ទៀត ដើម្បីចូលរួមផ្តល់មតិយោបល់ អនុសាសន៍ និងបទពិសោធន៍នានា ក្នុងន័យស្ថាបនាយោបល់ ដាក់ចេញនូវយន្តការសមស្រប ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការព្រមទាំងការវិនិយោគលើវិស័យខ្សែសង្វាក់តម្លៃផលិតស្បៀង និងផលិកម្មកសិកម្មឲ្យទទួលបានលទ្អផលល្អប្រសើរ៕