(ភ្នំពេញ)៖ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) លោក ហេង រតនា បានថ្លែងបញ្ជាក់បន្ថែមប្រាប់ដល់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៤ ខែកមករា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការដោះគ្រាប់បែកផ្ទុកជាតិគីមី ដ៏គ្រោះថ្នាក់ដែលបន្សល់ដោយ សហរដ្ឋអាមេរិកទម្លាក់ពីយន្តហោះ លើទឹកដីកម្ពុជា ក្នុងខេត្តស្វាយរៀង ស្ថិតក្នុងសាលាបឋមសិក្សាគគីរ និងវត្តគគីរ នាភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង នឹងត្រូវធ្វើឡើងនៅសប្តាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈសិស្សសាលា និងព្រះសង្ឃ ចំនួនប្រមាណ៥០០អង្គ/នាក់ គឺត្រូវតែជម្លៀសចេញតែម្តង ពីតំបន់ប្រតិបត្តិការ។
លោក ហេង រតនា បញ្ជាក់ទៀតថា មន្ត្រីជំនាញបច្ចេកទេសរបស់ស៉ីម៉ាក់ កំពុងសិក្សាបន្ថែមថា តើត្រូវជម្លៀសប្រជាពលរដ្ឋរស់នៅតំបន់ជិតនោះចេញ ដែរឬយ៉ាងណា នៅពេលបើកប្រតិបត្តិការដោះគ្រាប់បែកគីមីនេះ។
លោក ហេង រតនា បានប្រាប់អង្គភាព Fresh News យ៉ាងដូច្នេះថា «បន្ទាប់ពីទទួលព័ត៌មានពីបញ្ហាគ្រាប់បែកគីមីនេះ កម្លាំងស៉ីម៉ាក់ចុះទៅពិនិត្យភ្លាមៗ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។ តាមពិតយើងចង់ធ្វើបើកប្រតិបត្តិការ នៅចុងសប្តាហ៍នេះ ប៉ុន្តែដោយសារចុងសប្តាហ៍នេះ បងប្អូនប្រជាពលរដ្ឋ មានកម្មវិធីចូលឆ្នាំចិន ដោយមិនចង់រំខានពួកគាត់ ទើបយើងសម្រេចបើកប្រតិបត្តិការ នៅសប្តាហ៍ទី១ ខែកុម្ភៈវិញ»។
លោក សរ ហ៊ុន ដែលជាសមាជិកក្រុមប្រឹក្សាឃុំគគីរ ស្រុករមាសហែក បានថ្លែងប្រាប់អង្គភាព Fresh News ថា សិស្សសាលាបឋមសិក្សាគគីរ ដែលកំពុងសិក្សាមានជិត៥០០នាក់ ខណៈព្រះសង្ឃដែលគង់ក្នុងវត្តគគីរមានចំនួន៤អង្គ។
បើតាមលោក ហេង រតនា គ្រាប់បែកគីមី ប្រភេទ Chlorobenzalmalononitrile (CS) មានចំរុះប្រមាណជាង២០០គីឡូក្រាមក្នុងមួយគ្រាប់ ត្រូវបានប្រជាពលរដ្ឋបានកប់ចោល ក្បែរសាលាឆាន់ និងក្នុងវត្ត កាលពីខែកុម្ភៈ ឆ្នាំ១៩៧០ ក្រោយពីបានទំលាក់ចំនួន៤គ្រាប់ ដោយចំសាលាឆាន់ផ្ទុះ ចំនួន២គ្រាប់ និងមិនទាន់ផ្ទុះសល់មកដល់សព្វថ្ងៃនេះចំនួន២គ្រាប់។ បច្ចុប្បន្នគ្រាប់ទាំង២គ្រាប់ នៅក្នុងទីធ្លាសាលា មានសិស្សានុសិស្សយ៉ាងច្រើន ហើយក្នុងមូលដ្ឋាន ក៏មានប្រជាពលរស់នៅជុំវិញច្រើនដែរ ព្រមទាំងជាទីអារ៉ាមផងដែរ ដូចនេះកិច្ចប្រតិបតិ្តការត្រូវជន្លៀស ប្រជាពលរដ្ឋចេញមួយរយៈពេលខ្លី ដែលមានចម្ងាយប្រមាណ៣គីឡូម៉ែត្រ ពីទីតាំងប្រតិបត្តិការ។
លោក ហេង រតនា បានបញ្ជាក់ទៀតថា ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជន ស៉ីម៉ាក់ ត្រូវបង្ខំចិត្តបើកប្រតិបត្តិការ ដោះយកគ្រាប់បែកផ្ទុកសារធាតុគីមី នៅទីតាំងខាងលើនេះចេញ ដោយត្រូវជម្លៀសសិស្សសាលា ព្រះសង្ឃ និងប្រជាពលរដ្ឋ ឲ្យនៅឆ្ងាយពីទីតាំងនេះប្រមាណ៣គីឡូម៉ែត្រ ដើម្បីការពារសុវត្ថិភាពជូនពួកគាត់។
លោកអគ្គនាយករូបនេះបានបញ្ជាក់ទៀតថា គ្រាប់បែកគីមីដែលស៊ីម៉ាក់ រកឃើញប្រភេទ Chlorobenzalmalononitrile (CS) ដែលទម្លាក់ពីលើយន្តហោះ ហើយគ្រាប់បែកនេះប្រសិនបើកផ្ទុះ នឹងធ្វើឲ្យមានផលប៉ះពាល់ខ្លាំងបំផុត ដែលអាចបង្កឲ្យថប់ដង្ហើម ក្មេងកើតមិនគ្រប់ខែ និងបញ្ហាមួយចំនួនទៀត។
បើតាមលោក ហេង រតនា គ្រាប់បែកគីមីប្រភេទ CS នេះស៉ីម៉ាក់ធ្លាប់បានជួបនៅខេត្តចំនួន៥ រួមមានខេត្តស្វាយរៀង ព្រៃវែង មណ្ឌលគិរី រតនគិរី និងក្រចេះ ប៉ុន្តែមានខេត្ត៣ ដែលស៉ីម៉ាក់ជឿជាក់ថា មានគ្រាប់បែកគីមីនេះ រួមមានខេត្តស្វាយរៀង ព្រៃវែង និងមណ្ឌលគិរី។
សូមជម្រាបថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ប្រមាណ២លាន៨សែនតោន ដែលមានគ្រាប់បែកគីមីផងដែរ ដោយបានសម្លាប់ជាង៥០០,០០០នាក់់ សម្លាប់ដោយផ្ទាល់ និងកំទេសផ្ទះសំបែងខែ្មររាប់ម៉ឺនកន្លែងផងដែរ៕