(ស្ទឹងត្រែង)៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានចុះពិនិត្យការកសាងរោងចក្រថាមពលអគ្គិសនី ដើរដោយទឹកដែលមានអានុភាពផលិត៤០០មេហ្គាវ៉ាត់នៅខេត្តស្ទឹងត្រែង។ តាមការគ្រោងទុក គម្រោងវារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែងនេះ នឹងអាចដំណើរការផលិតអគ្គិសនីនៅចុងឆ្នាំ២០១៧នេះ។
ទុនវិនិយោគវារីអគ្គិសនីសេសានក្រោម២ ដ៏ធំបង្អស់នៅកម្ពុជានេះ គឺមានទំហំទឹកប្រាក់ជិត១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលជាការចាប់ដៃគូរវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់ អ្នកឧកញ៉ា គិត ម៉េង។ ការបង្កើតបានរោងចក្រថាមពលអគ្គិសនីថ្មីមួយទៀតនេះ គឺធ្វើឲ្យកម្ពុជាលទ្ធភាពក្នុងការផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជន និងអាជីវកម្មតាមតម្រូវការ និងធ្វើឲ្យកម្ពុជាកាន់តែមានភាពរឹងមាំ និងមានឯករាជ្យភាពខាង វិស័យថាមពល ដោយកាត់បន្ថយបានការនាំអគ្គិសនីពីខាងក្រៅ។
ឆ្លៀតក្នុងឱកាសនោះដែរលោក ស៊ុយ សែម និងអ្នកឧកញ៉ា គិត ម៉េង ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលទទួលបានអត្ថប្រយោជន៍ថ្មីតាមរយៈ គម្រោងវារីអគ្គិសនីសេសានក្រោម២នេះផងដែរ៕