(ភ្នំពេញ)៖ កញ្ញា ស៊ន សៀវម៉ី កីឡាការិនីតេក្វាន់ដូកម្ពុជា នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ បានចូលរួមផ្ដល់បទពិសោធន៍​ ចំណេះដឹងទូទៅ ទាក់ទងនឹងការសិក្សាជំនាញតេក្វាន់ដូ  និងផ្ដល់ការអប់រំលើកទឹកចិត្ត ដល់សិស្សានុសិស្ស ក្នុងសាលា ​​Harrods International Academy ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយខ្លួន ទៅជាទំពាំងស្នងឬស្សី។

កញ្ញា ស៊ន សៀវម៉ី បានថ្លែងឲ្យដឹងថា «សម្រាប់កុមារតូចៗ រៀនតេក្វាន់ដូ ខ្ញុំគិតថាល្អ ព្រោះអាចជំរុញឲ្យពួកគេស្រលាញ់វិស័យ​កីឡា ចេះការពារខ្លួន និងល្អសម្រាប់សុខភាព ហើយខ្ញុំសូមលើកទឹកចិត្តឲ្យប្អូនៗ ខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានច្រើន ដោយសារតែ​ការសិក្សាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អនាគត»។

កញ្ញាបន្ដទៀតថា «ខ្ញុំសូមផ្ដាំផ្ញើទៅដល់ប្អូនៗទាំងអស់ ទូទាំងពិភពលោក ឲ្យមានការស្រលាញ់ការសិក្សា ដើម្បីក្លាយជាយុវជនគំរូ​ ជាមនុស្សល្អក្នុងគ្រួសារ ប្រទេសជាតិ ខ្ញុំសង្ឃឹមទៀតថា ប្អូនៗទំនេរពីការសិក្សាឆ្លៀតពេលងាកមកវិស័យកីឡា ទាំងតេក្វាន់ដូ និង​វិស័យកីឡាផ្សេងៗទៀត»។

អ្នកគ្រូ ប៉ែន ចន្ដាមុន្នី នាយិកាសាលា Harrods International Academy បានឲ្យដឹងថា ក្នុងថ្ងៃនេះសាលាបានរៀបចំ ការជួបជុំមួយរវាង កញ្ញា សៀវម៉ី និងកូនសិស្ស ដើម្បីផ្ដល់បទពិសោធន៍ ដល់សិស្សានុសិស្ស សិក្សាតេក្វាន់ដូទាំងអស់ និង ផ្ដល់ជាសារខ្លីៗទាក់ទងនឹង ការអប់រំដល់សិស្សានុសិស្ស ដែលបានសិក្សានៅទីនេះ ដើម្បីឲ្យពួកគេបានយកចិត្តទុកដាក់ ប្រឹងប្រែងរៀនសូត្រទាំងចំណេះ ជំនាញ ព្រមទាំងមានក្រមសីលធម៌ខ្ពស់ផងដែរ។

អ្នកគ្រូបន្ដថា សម្រាប់កម្មវិធីសិក្សាភាសាខ្មែរនៅក្នុងសាលា Harrods International Academy គឺបានសហការយ៉ាងជិតស្និតជាមួយ​នឹងក្រសួងអប់រំ រួមទាំងសហការជាមួយមន្ទីអប់រំរាជធានីភ្នំពេញ ដើម្បីទទួលនូវមតិយោបល់ បច្ចេកទេស រដ្ឋបាល ដើម្បីពង្រីកគុណ​ភាពការសិក្សា ភាសាខ្មែរឲ្យស្របទៅនឹងកម្មវិធីសិក្សារបស់ក្រសួងអប់រំ។

សូមបញ្ជាក់ផងដែរថា សាលាអន្តរជាហែរុដស៍អន្តរជាតិ (Harrods International Academy) គឺជាសាលាដំបូងដែលអនុវត្ត រួមបញ្ចូលគ្នានូវកម្មវិធីសិក្សាអន្តរជាតិ របស់អង់គ្លេស (IPC) ដែលមានការប្រើប្រាស់នៅជាង៩០ប្រទេស លើពិភពលោក និង គណិតវិទ្យាបែបសិង្ហបូរី ដែលល្បីល្បាញជាអន្តរជាតិ។

ទីតាំងបច្ចុប្បន្នរបស់ សាលាហែរុដស៍អន្តរជាតិ គឺស្ថិតនៅអាគារលេខ២៤ ផ្លូវ៣០២កែងផ្លូវ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ៩៧៣ ៩៩៩ /០៧៧ ២៩៦ ៦៨៨ សារអេឡិចត្រូនិច [email protected] វេបសាយ www.harrods.edu.kh ។ ចំណែកសាខាទី២ នៅសង្កាត់ទួលស្វាយព្រៃ ដែលស្ថិតនៅអាគារលេខ១ ផ្លូវ១៩៣ កែងផ្លូវ៣៧៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕