(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ បានប្រកាសសាលក្រមផ្តន្ទាទោស លើថៅកែម៉ាស្សាកោសជុប បង្កប់សេវាផ្លូវភេទ យីហោ «ស្រីមុំ៧២» ដាក់ពន្ធនាគារកំណត់២ឆ្នាំ តែតម្រូវឲ្យអនុវត្តតែ១ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល។
សាលក្រមបានបើកផ្លូវទុកពេលឲ្យជនជាប់ចោទ ប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។ សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៧ មករា ២០១៧ កន្លងទៅ បានលើកយកសំណុំរឿងសញ្ចារកម្ម ដែលមានជនជាប់ចោទ ២នាក់មីង និងក្មួយ ដើម្បីផ្តន្ទាទោសតាមកំណត់ច្បាប់។ ជនជាប់ចោទម្នាក់ឈ្មោះ ងន់ សុខណា ហៅមុំ ភេទស្រី អាយុ៣២ឆ្នាំ ជាថៅកែម៉ាស្សា និងកោសជុប យីហោស្រីមុំ៧២ មានអាសយដ្ឋាននៅផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងម្នាក់ទៀតឈ្មោះ ធៀប ដារ៉ា អាយុ២០ឆ្នាំ ត្រូវជាក្មួយស្រីមុំ។
សវនាការមានលោកស្រី ថ្លាង ផាណែត ជាចៅក្រមជំនុំជម្រះ និងលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ ដែលសវនាការនោះ បានធ្វើឡើងជាសាធារណៈ ពោលគឺចំពោះមុខជនជាប់ចោទ និងមេធាវីការពារក្តី។
សំណុំរឿងនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ សញ្ចារកម្ម ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៦ នៅខណ្ឌឫស្សីកែវ ដែលបទចោទនេះ តម្រូវឲ្យដាក់ពន្ធនាគារកំណត់ ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ ៤លានទៅ១០លានរៀល។
នៅថ្ងៃទី០២ កញ្ញា ២០១៦ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បានចុះបង្ក្រាបហាងម៉ាស្សាកោសជុប ក្រោមស្លាកសេវាកម្មបម្រើផ្លូវភេទ យីហោស្រីមុំ៧២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ពេលសមត្តកិច្ចបង្ក្រាប បានឃាត់ខ្លួនស្ត្រីឈ្មោះ ងន់ សុខណា ហៅមុំ និងឈ្មោះ ធៀប ដារ៉ា ព្រមទាំងរំដោះនារីម៉ាស្សាកោសជុប ចំនួន១០នាក់។
ក្នុងនោះសមត្តកិច្ចបានដកហូតស្រោមអនាម័យមួយចំនួន ដែលខ្លះបានប្រើប្រាស់ និងខ្លះនៅក្នុងប្រអប់ រួចសមត្ថកិច្ចបានកសាងសំណុំរឿង ពីបទសញ្ជារកម្ម និងសមគំនិតក្នុងអំពើសញ្ចារកម្ម បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ហើយក៏មានការឃុំខ្លួនចាប់ពីពេលនោះមក។ ក្រោយចប់សវនាការ លោកស្រីចៅក្រមជំនុំជម្រះ បានលើកពេលប្រកាសសាលក្រមផ្តន្ទទោស លើជនជាប់ចោទមីងនិងក្មួយ ទៅថ្ងៃទី២៤ មករា ខាងមុខ៕