(កំពង់ធំ)៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា រួមដំណើរដោយ លោកស្រី ឃួន ឃុនឌី ប្រធានស្តីទីគណៈកម្មាធិការសាខាខេត្ត បានដឹកនាំលោកស្រីអនុប្រធានកិត្តិយសសាខា សមាជិក សមាជិកា គណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកសណ្តាន់ និងស្រុកប្រាសាទបល្ល័ង បានអញ្ជើញចូលរួម ចែកស្បៀង គ្រឿងឧបភោគ បរិភោគ ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៨៧៥គ្រួសារ។
ប្រជាពលរដ្ឋទាំងនេះអញ្ជីញមកពី២ស្រុកទី១ពេលព្រឹកនៅបរិបវេណសាលាស្រុកសណ្តាន់ចំនួន៣៥១ គ្រួសារមកពី៣ឃុំ ១១ភូមិ និងទី២ពេលរសៀល នៅបរិវេណវត្តផ្តៀក ក្នុងស្រុកប្រាសាទ បល្ល័ងចំនួន៥២៤គ្រួសារ មកពី៤ឃុំ ១៨ភូមិ ដែលកំពុងប្រឈមជាមួយភាពងាយរងគ្រោះ។
លោកបានណែនាំដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ សូមថែរក្សាអនាម័យ និងរស់នៅស្អាត ហូបស្អាត ជាពិសេសត្រូវគេងក្នុងមុងជានិច្ច។
ជាងនេះទៅទៀត សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងដែលជាប្រភពនៃអំពើហិង្សា និងសូមចេះស្រឡាញ់ រាប់អានគ្នា និងគ្នាដើម្បីឱ្យមានភាពសុខដុមរមនាជាមួយគ្នា។ ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ មានសេចក្ដីរំភើប ត្រេកអររកអ្វីប្រៀបផ្ទឹមបាន និងបានថ្លែងអំណរគុណ ដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលងាយរង គ្រប់ទិសទីដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ។
ជាទីបញ្ចប់លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត និងលោកស្រី ឃួន ឃុនឌី បានជម្រាបជូនលោកតា លោកយាយ បងប្អូនទាំង អស់អំពីកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានកិត្តិយសទទួលនូវ បណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រពីសកលវិទ្យាល័យជនជាតិក្វាងស៊ីនៃប្រទេសចិន នោះកាន់តែសបញ្ជាក់ឲ្យឃើញថា សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុន សែន ជាស្ត្រីកម្ពុជាគំរូដ៏ឆ្នើមមួយរូប ដែលបានលើកតម្កើងសមភាពយ៉ែនឌ័រ ក្នុងការជំរុញលើកទឹកចិត្តឲ្យ ស្ត្រីមានគំនិតអភិវឌ្ឍខ្លួនឯង និងបានបំពេញតួនាទីជាអ្នកដឹកនាំ១រូបប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ នៃយើងទាំអស់គ្នា ។
សូមជម្រាបថា អំណោយដែលបានផ្ដល់ជូនរួមាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, មុង១, ភួយ១, សារុង១, ក្រមា១ និងបានឧបត្ថម្ភថវិកាដល់លោកតា លោកយាយដែលជួបការលំបាកខ្លាំងចំនួន ៦នាក់នូវថវិកាមួយចំនួនទៀត ៕