Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សេចក្តីថ្លែង​ការណ៍​សង្គមស៊ីវិល ដែលទាមទារ​ឱ្យ​ដោះលែង មន្រ្តី​អាដហុក និងគ.ជ.ប គឺជារឿង​ឥតប្រយោជន៍​ (Video inside)

24-01-2017 17:35

(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចាត់ទុកថា សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល ដែលទាមទារឱ្យតុលាការ ដោះលែងសកម្មជនអាដហុក និងគ.ជ.បនាថ្មីៗនេះ គឺជារឿងដដែលៗ និងមិនមានប្រយោជន៍។

លោក គឹម សន្តិភាព បានលើកឡើងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ថា «សេចក្តីថ្លែងការណ៍ទាំងនេះ ជារឿងឥតប្រយោជន៍! អ្នកគួរពិចារណាធ្វើនូវអ្វីដែលមានប្រយោជន៍ ប្រសិនបើអ្នកមានសមានចិត្តពិតប្រាកដមែននោះ ដូចជាស្វែងរក និងផ្តល់ការគាំទ្រ អ្នកជំនាញច្បាប់ ដែលពូកែៗជាងនេះ ដើម្បីជួយការពារអ្នកទាំងនោះទៅតាមដំណាក់កាលនៃនីតិវិធី របស់តុលាការជាដើម ប្រសើរជាងធ្វើរឿង ឥតប្រយោជន៍ដដែលៗបែបនេះ!»

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ម្សិលមិញនេះ អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​រងគ្រោះ​ដីធ្លី​ចំនួន២៥ បានចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ដោយថ្កោលទោស​ អាជ្ញាធរ​កម្ពុជា ដែល​មិន​ព្រម​ដោះលែង​បុគ្គលិក​សមាគម​អាដហុក និង គ.ជ.ប លោក នី ចរិយា។ សេចក្តីថ្លែងការណ៍នោះ បាន​ចាត់​ទុក​ថា ការ​ឃុំ​ខ្លួន​អ្នក​ទាំង​នេះគឺ​ជា​ការ​រើសអើង ហើយចោទរាជរដ្ឋាភិបាលថា ប្រើប្រាស់​តុលាការ​ដើម្បីដាក់សម្ពាធលើអ្នក​ហ៊ាន​រិះគន់​ប្រឆាំង​ នៅ​មុន​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ការ​បោះឆ្នោត​ជាតិ។

រហូតដល់ពេលនេះ មានរយៈពេលជាង៨ខែហើយ ដែលមន្រ្តីអាដហុក និងគ.ជ.ប ត្រូវបានតុលាការឃុំខ្លួន។ មន្រ្តីអាដហុក និងគ.ជ.បទាំងនោះ រួមមាន លោក យី សុខសាន លោក វង់ ណៃដា លោក នី សុខា លោកស្រី លឹម មុនី  និង លោក​ នី ចរិយា (អគ្គលេខាធិការគ.ជ.ប) ដែលត្រូវតុលាការចោទប្រកាន់ពីបទ សមគំនិត និងសូកប៉ាន់សាក្សី ក្នុងរឿងសញ្ចារកម្មរបស់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលធ្លាយរឿងអាស្រូវជាមួយ លោក កឹម សុខា៕