(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ណាល់ វណ្ណៈ អនុប្រធានសាខាកាំកុងត្រូល ទទួលបន្ទុកទីផ្សារ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ បានដកហូតផលិតផលខូចគុណភាព ហួសកាលបរិច្ឆេទបប្រើប្រាស់មួយចំនួន ក្រោយរកឃើញនៅផ្សារភ្នំក្រវាញ ស្រុកភ្នំក្រវាញ និងផ្សារថ្មីពោធិ៍សាត់ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
ក្រៅពីនេះ កម្លាំងចម្រុះបានបន្តចុះត្រួតពិនិត្យទំនិញ នំចំណី នៅក្នុងសាលារៀន៣កន្លែងទៀត រួមមាន៖ សាលាបឋមសិក្សារលាច, វិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំក្រវាញ ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្នុងការងារចុះពង្រឹងសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ នាមុនពេលចូលឆ្នាំចិននេះ កម្លាំងចម្រុះបានធ្វើតេស្តលើផលិតផលម្ហូបអាហារមួយចំនួន តែពុំមានសារធាតុគីមីហាមឃាត់ឡើយ និងបានណែនាំ និងបិតផ្ទាំងរូបភាពអប់រំស្តីពី សុវត្ថិភាពម្ហូបអាហារដល់អាជីវករ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅតាមសាលារៀន។
ក្រុមមន្រ្តីខាងលើ ក៏បានត្រួតពិនិត្យទំនិញខ្ចប់កាដូសម្រាប់ចូលឆ្នាំចិនផងដែរ ដោយបានរឹបអូសផលិតផលខូចគុណភាព និងហួសកាលបច្ឆេទប្រើប្រាស់មួយចំនួន ដើម្បីយកទៅរក្សាទុក នៅសាខាកាំកុងត្រូលខេត្ត ត្រៀមកម្ទេចចោល៕