(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញលិខិតមួយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ដោយបង្គាប់ឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៣ ឈប់ជួលម៉ោងឱ្យវិទ្យុ ABC។ នេះបើយោងតាមលិខិតរបស់ក្រសួងព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។
ក្នុងលិខិតនោះ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា «កន្លងមកក្រសួងព័ត៌មាន បានឯកភាពអនុញ្ញាតឱ្យឯកឧត្តមធ្វើកិច្ចសហការជាមួយស្ថានីយវិទ្យុ ABC កម្ពុជា FM 107.50MHz ក្នុងការផលិតកម្មវិធីចម្រុះដើម្បីធ្វើការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ រយៈពេល៣ម៉ោងក្នុងមួយថ្ងៃ ចាប់ពីម៉ោង០៦៖០០នាទី ដល់ម៉ោង៩៖០០នាទីព្រឹក ។ ប៉ុន្តែបន្ទាប់ពីដំណើការកម្មវិធីនេះមួយរយៈខ្លីមក ធ្វើឱ្យមហាជនជាច្រើន ធ្វើការរិះគន់ទៅលើពិធីករ ពិធីការិនី កម្មវិធីចម្រុះ ABC 3 Spring ដែលបានប្រព្រឹត្តិនូវអំពើពុំគួរគប្បី ដោយសម្តែងកាយវិការមិនសមរម្យ ការប្រើពាក្យសម្តីខ្វះសីលធម៌ វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន និងបានប្រមាថមើលងាយអ្នកស្តាប់ ក៏ដូចជាទស្សនិកជន ក្នុងពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូ របស់ពិធីករ ពិធីការិនីផ្សេងទៀត»។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីបញ្ចប់នូវប្រតិកម្មពីសំណាក់មហាជន និងភាពអសកម្មទាំងឡាយ ដែលបានកើតឡើងជាបន្តបន្ទាប់មកនេះ ក្រសួងព័ត៌មាន តម្រូវឱ្យបញ្ឈប់កិច្ចសហការផលិតកម្មវិធីផ្សាយរវាងស្ថានីយ៍វិទ្យុ ទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ ជាមួយស្ថានីយ៍វិទ្យុ ABC កម្ពុជា FM 107.50 MHz ជាបន្ទាន់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕