(ភ្នំពេញ)៖ ជាចម្លើយឆ្លើយតបខ្លីមួយ មកកាន់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យរងរបស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា លោក David Josa បានបញ្ជាក់ជាថ្មីថា បញ្ហាបំណុលរបស់កម្ពុជានាសម័យសាធារណរដ្ឋនោះ សហរដ្ឋអាមេរិកមានបំណងក្នុងការដោះស្រាយ ក៏ប៉ុន្តែភាគីទាំងពីរត្រូវពិភាក្សាគ្នាជាមុនសិន។
លោក David Josa អ្នកនាំពាក្យរងនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានសរសេរយ៉ាងដូច្នេះថា «បំណុលទ្វេភាគី ដែលប្រទេសកម្ពុជាជំពាក់សហរដ្ឋអាមេរិក គឺជារឿងពិភាក្សាគ្នាយូរ ហើយវាជាអ្វីដែលយើងចង់ដោះស្រាយឲ្យចេញ។ តែវាត្រូវមានការពិភាក្សាបន្ថែមទៀត មុនពេលយើងអាចដើរទៅមុខបានលើរឿងនេះ»។
ប្រតិកម្មរបស់ស្ថានទូតអាមេរិក បានធ្វើឡើងបន្ទាប់ពីភាគីកម្ពុជា បានទទូចម្តងហើយម្តងទៀត ដោយទាមទារឱ្យសហរដ្ឋអាមេរិក ជាពិសេសក្នុងរដ្ឋាភិបាលថ្មី របស់លោក ដូណាល់ ត្រាំ ពិចារណាលើការលុបចោលបំណុលដែលកម្ពុជា បានជំពាក់កាលពីសម័យសាធារណរដ្ឋ ដឹកនាំដោយ លោក លន់ នល់។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ អំឡុងពេលចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសម្តងទៀត ដោយបានស្នើជាថ្មីឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក លុបបំណុលដល់កម្ពុជា ដែលអាមេរិកផ្តល់ឲ្យរដ្ឋាភិបាលលោកសេនាប្រមុខ លន់ នល់ ចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។
សម្តេចបានចាត់ទុកថា កាលណោះអាមេរិកគឺជាអ្នកជំរុញឱ្យមានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋប្រហារនេះ បានបង្កើតសង្រ្គាមនៅក្នុងប្រទេសកម្ពុជា និងបង្កើតខ្មែរក្រហម ទើបមានវិនាសកម្មធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា ដូច្នេះសហរដ្ឋអាមេរិកត្រូវតែប៉ះប៉ូវសងដល់កម្ពុជាវិញ តាមរយៈការលុបបំណុលសម្រាប់សងដល់វិនាសកម្មនេះ។
មន្រ្តីកម្ពុជាបានលើកឡើងថា ចំពោះបញ្ហានេះ បើផ្អែកតាមឯកសារចន្លោះឆ្នាំ១៩៧២-១៩៧៥ គឺបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិក នៅក្នុងសម័យសាធារណរដ្ឋខ្មែររបស់ លោកសេនាប្រមុខ លន់ នល់ នោះ មកទល់ពេលនេះ មានចំនួនជិត ៤០០លានដុល្លារសហរដ្ឋអាមេរិក៕