(ភ្នំពេញ)៖ ភាពងាយស្រួល និងទំនុកចិត្ដខ្ពស់ សម្រាប់អតិថិជនដែលបានទិញគម្រោងលំនៅឋាន សាធារណៈតម្លៃសមរម្យ បាននឹងត្រូវដាក់លក់ នៅដើមខែកុម្ភៈខាងមុខនេះ កាន់តែពិសេសទៀតហើយដោយរាល់ការបង់ប្រាក់ប្រចាំខែ នឹងធ្វើការបង់ តាមរយៈលីហួរ វេលុយ ដែលក្នុងមួយប្រតិបត្ដិការម្ដងត្រឹមតែ១,៦០០រៀលតែប៉ុណ្ណោះ។
លោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Land Cambodia បានថ្លែងថា នៅថ្ងៃនេះ «ក្រុមហ៊ុនយើង បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់ សម្រាប់គម្រោងលំនៅឋានសាធារណៈមានតម្លៃសមរម្យ ជាមួយក្រុមហ៊ុន លីហួរ វេលុយ និងក្រុមហ៊ុនមេធាវី របស់បណ្ឌិត សុក ស៊ីផាន់ណា ដើម្បីសម្រួលដល់អតិថិជន រាល់ព័ត៌មានផ្លូវច្បាប់ត្រឹមត្រូវ និងការបង់ប្រាក់ ប្រចាំខែតាមរយៈលីហួរ វេលុយ ក្នុងតម្លៃទាបបំផុតនៅកម្ពុជា»។
លោកឧញ៉ាលីហួរ អគ្គនាយកនៃក្រុមហ៊ុនលីហួរគ្រុប បានថ្លែងផងដែរថា «ការចុះអនុស្សរណៈជាមួយក្រុមហ៊ុន Worldbridge Land Cambodia គឺសំដៅទៅលើ កិច្ចសហប្រតិបត្ដិការជាមួយគ្នា ក្នុងការបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋយើង ទោះគាត់កំពុង ស្ថិតនៅក្នុងខេត្ដណាក៏ដោយ គ្រប់២៥ខេត្ដក្រុង មិនចាំបាច់ជិះរថយន្ដមកបង់លុយនៅភ្នំពេញទេ ដោយគ្រាន់តែបង់តាមរយៈក្រុមហ៊ុន លីហួរវេលុយ នៅគ្រប់សាខា ជាការស្រេច ដោយក្នុងការប្រតិបត្ដិការម្ដង លោកអ្នកចំណាយត្រឹមតែ១,៦០០រៀលតែប៉ុណ្ណោះ ដោយគ្រាន់តែវេភ្លាម ថវិកាទាំងនោះ នឹងបញ្ជូនទៅក្នុងគណនេយ្យ របស់ក្រុមហ៊ុន Worldbridge Land ទៅលើតម្លៃផ្ទះដែលខ្លួនបាន ទិញភ្លាមៗ ដោយមិនបាត់សូម្បីតែ មួយកាក់មួយសេនឡើយ ជាមួយនឹងបច្ចេកវិទ្យា ដ៏ទំនើបចុងក្រោយ របស់ក្រុមហ៊ុនយើង»។
លោកឧញ៉ាបន្ដថា នេះជាការបង្ករភាពងាយស្រួល ដោយចំណេញទាំងពេលវេលា និងថវិកា រួមទំាងកាន់បន្ថយការចំណាយ ផ្សេងៗទៀត ក្នុងការមកបង់ប្រាក់ នៅទីតាំងការិយាល័យរបស់ក្រុមហ៊ុន Worldbridge Land ដែលចំណុចនេះសំខាន់ណាស់ ដែលបង្កលក្ខណៈងាយស្រួល ដោយមិនចំណាយលុយមកភ្នំពេញឡើយ ហើយជួយសម្រួលនូវការលំបាករបស់ប្រជាពលរដ្ឋ មួយចំណែកធំទៀតផង។
ទន្ទឹមនឹងនោះ លោក បណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល ដែលត្រូវសហការជាមួយក្រុមហ៊ុន Worldbridge Land ក្នុងនាមការិយាល័យមេធាវី និងសហរីបានថ្លែងថា ក្នុងកិច្ចសហប្រតិបត្ដិការនៅថ្ងៃនេះ គឺក្នុងបរិបទ កាតព្វកិច្ចសង្គមដើម្បីសម្រួល នូវព័ត៌មាន តាមផ្លូវច្បាប់សម្រាប់ប្រជាពលរដ្ឋ ជ្រាបកាន់តែច្បាស់ពីភាពច្បាស់លាស់មុន និងក្រោយពេលទិញកាន់តែលម្អិត ថាអ្វីទៅជាគម្រោងនេះ អ្វីទៅលក្ខណៈគតិយុត្ដិទៅតាមផ្លូវច្បាប់បែបណា ដើម្បីឲ្យគាត់កុំឲ្យមានការច្រឡំ ទៅលើមតិសាធារណៈជន ខ្លះដែលបានបំលែងព័ត៌មានពិតមួយចំនួន។
លោកបន្ថែមថា លោកពិតជាសប្បាយរីករាយណាស់ពេលដែលមានគម្រោងដ៏ល្អនេះបង្កើតដើម្បីឲ្យមន្ដ្រីរាជការគ្រប់សណ្ឋានទាំងអស់ រួមទាំប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យមមានលំនៅឋានរស់នៅដោយភាពស្រស់ស្អាត គុណភាពខ្ពស់ តម្លៃ និងការបង់ក្នុងតម្លៃសមរម្យ។
គួររម្លឹកថា គម្រោងលំនៅឋានសាធារណៈ មានតម្លៃសមរម្យ សម្រាប់គ្រួសារមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីចូលនិវត្តន៍ ជនពិការ និងប្រជាពលរដ្ឋ មានប្រាក់ចំណូលមធ្យម និងទាប ក្រោមទុនវិនិយោគប្រមាណ៦០លានដុល្លារ នឹងប្រកាសបើកលក់ នៅខែកុម្ភៈនេះហើយ ដែលការិយាល័យលក់ ទីតាំងនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តាមបណ្ដោយ ផ្លូវជាតិលេខ២ ហើយនឹងបើកលក់-ទទួលពាក្យស្នើសុំទិញលំនៅឋាន និងប្រកាសបើកលក់ជាសាធារណៈ ក្នុងរយៈពេល២ទៅ៣ខែ ខាងមុខបន្ទាប់ពីថ្ងៃបុកគ្រឹះដែល នឹងបញ្ចប់ជាសា្ថពរ នៅចុងឆ្នាំ២០១៨។
ចំនួនផ្ទះដែលត្រូវធ្វើការសាងសង់នោះ មានចំនួន ២,២៩៧ល្វែង ចែកជាពីរប្រភេទ៖
*ផ្ទះប្រភេទទី១ ចំនួន២០២៥ខ្នង៖ ទំហំដី ៤ម៉ែត្រ គុណ១០.៥ម៉ែត្រ ទំហំផ្ទះ ៤ម៉ែត្រ គុណ៧ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់គេងពីរ បន្ទប់ទឹក១
* ផ្ទះប្រភេទទី២ចំនួន២៧២ខ្នង៖ ទំហំដី ៦ម៉ែត្រ គុណ១០.៥ម៉ែត្រ ទំហំផ្ទះ៦ម៉ែត្រគុណ៧ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់គេង៣ និងបន្ទប់ទឹក៣
* លំហរមុខផ្ទះ ១.៥ម៉ែត្រ និងលំហរក្រោយផ្ទះ ២ម៉ែត្រ
ព័ត៌មានការិយាល័យសម្រាប់ទិិញ និងកក់ តាមរយៈទូរស័ព្ទលេខ៖ ០៧០ ៩០៥ ៣៣៣/០៧០ ៩០៦ ៣៣៣ និង០៧០ ៩០៧ ៣៣៣៕