(ភ្នំពេញ)៖ នៅម៉ោងជិត៤៖០០រសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីក្រសួងការបរទេសឡាវ បាននិងកំពុងជួបជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាដើម្បី ពិភាក្សាអំពីកិច្ចការមួយចំនួន។

លោក សាលើមសៃ គុំម៉ាស៊ីត បានមកដល់ប្រទេសកម្ពុជា នៅម៉ោង១៖០០រសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ដើម្បីធ្វើទស្សនកិច្ច រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែមករា ឆ្នាំ២០១៧។

ក្រៅពីចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជួបសម្តែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា លោក សាលើមសៃ គុំ ម៉ាស៊ីត ក៏នឹងចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះ ព្រំដែនកម្ពុជា-ឡាវ ជាមួយទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង នៅថ្ងៃស្អែកផងដែរ។

ចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ លោក សាលើមសៃ គុំម៉ាស៊ីត ក៏នឹងអញ្ជើញទស្សនាសារមន្ទីរជាតិ៕