(ភ្នំពេញ)៖ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) លោក ហេង រតនា បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៤ ខែកមករា ឆ្នាំ២០១៧នេះថា ស៉ីម៉ាក់បានរកឃើញ គ្រាប់បែកផ្ទុកជាតិគីមីដ៏គ្រោះថ្នាក់បំផុត ដែលបន្សល់ទុកពីការទម្លាក់របស់សហរដ្ឋអាមេរិក ស្ថិតនៅក្នុងបឋមសិក្សា និងវត្តគគីរ នាភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។
លោក ហេង រតនា បានបញ្ជាក់ទៀតថា ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជន ស៉ីម៉ាក់ត្រូវបង្ខំចិត្តបើកប្រតិបត្តិការ ដោះយកគ្រាប់បែកផ្ទុកសារធាតុគីមី នៅទីតាំងខាងលើនេះចេញ ដោយត្រូវជម្លៀសសិស្សសាលា ព្រះសង្ឃ និងប្រជាពលរដ្ឋ ឲ្យនៅឆ្ងាយពីទីតាំងនេះប្រមាណ៣គីឡូម៉ែត្រ ដើម្បីការពារសុវត្ថិភាពជូនពួកគាត់។
លោកអគ្គនាយករូបនេះបានបញ្ជាក់ទៀតថា គ្រាប់បែកគីមីដែលស៊ីម៉ាក់ រកឃើញប្រភេទ Chlorobenzalmalononitrile (CS) ដែលទម្លាក់ពីលើយន្តហោះ ហើយគ្រាប់បែកនេះប្រសិនបើកផ្ទុះ នឹងធ្វើឲ្យមានផលប៉ះពាល់ខ្លាំងបំផុត ដែលអាចបង្កឲ្យថប់ដង្ហើម ក្មេងកើតមិនគ្រប់ខែ និងបញ្ហាមួយចំនួនទៀត។
លោក សរ ហ៊ុន ដែលជាសមាជិកក្រុមប្រឹក្សាឃុំគគីរ ស្រុករមាសហែក បានថ្លែងប្រាប់អង្គភាព Fresh News ថា ពិតជាបានរកឃើញគ្រាប់បែកគីមី នៅទីតាំងខាងលើពិតប្រាកដមែន។ លោកថា គ្រាប់បែកនោះមាន២កន្លែង ដោយក្នុងនៅបរិវេណសាលាបឋមសិក្សាគគីរមួយកន្លែង និងមួយកន្លែងទៀតនៅនឹងកុដិរបស់ព្រះសង្ឃ ក្នុងវត្តគគីរផងដែរ។
បើតាមលោក ហេង រតនា គ្រាប់បែកគីមីប្រភេទ CS នេះស៉ីម៉ាក់ធ្លាប់បានជួបនៅខេត្តចំនួន៥ រួមមានខេត្តស្វាយរៀង ព្រៃវែង មណ្ឌលគិរី រតនគិរី និងក្រចេះ ប៉ុន្តែមានខេត្ត៣ ដែលស៉ីម៉ាក់ជឿជាក់ថា មានគ្រាប់បែកគីមីនេះ រួមមានខេត្តស្វាយរៀង ព្រៃវែង និងមណ្ឌលគិរី។
សូមជម្រាបថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ប្រមាណ២លាន៨សែនតោន ដែលមានគ្រាប់បែកគីមីផងដែរ ដោយបានសម្លាប់ជាង៥០០,០០០នាក់់ សម្លាប់ដោយផ្ទាល់ និងកំទេសផ្ទះសំបែងខែ្មររាប់ម៉ឺនកន្លែងផងដែរ៕